មានរូបគ្មានទុក្ខព្រោះធ្វើយោនិសោមនសិការៈត្រូវ មានរូបមានទុក្ខព្រោះអយោនិសោមនសិការៈ ! ។ ការពោលបែបនេះគឺ មិនមានទុក្ខក្នុងផ្លូវចិត្តទេ តែទុក្ខផ្លូវកាយធំៗ នៅមានជាធម្មតា ប៉ុន្តែដោយអំណាចសមាធិផង ព្រោះសមាធិអាចរំងាប់វេទនានិងសញ្ញាបាន នាំឲ្យការឈឺចាប់មានកម្លាំងខ្សោយ ។ បុថុជ្ជនមានទុក្ខវេទនាទាំងកាយទាំងចិត្ត អរិយបុគ្គលលោកមានទុក្ខតែកាយ ចិត្តមិនមានទុក្ខទេ ព្រោះលោកមើលវេទនាដោយឧបេក្ខា ដោយការពិចារណា ព្រមទទួលមានរូបមានទុក្ខជាធម្មតាលោកមិនប្រតិកម្មចិត្តបន្ថែមទៀតឡើយ ។

