មានទុក្ខធំដោយសារវត្ថុមួយ ព្រោះតែយើងឲ្យតំលៃវត្ថុនោះខ្ពស់ពេក ក្រមុំម្នាក់បានធ្វើឲ្យដួងចិត្តកម្លោះម្នាក់ស្ទើរស្លាប់ស្ទើររស់ តែបែរជាគ្មានតំលៃ ចំពោះកម្លោះម្នាក់ទៀត ។ ហេតុនេះកុំហាត់ដាក់ចិត្តឲ្យតំលៃវត្ថុក្រៅខ្លួន ខ្ពស់ជាងជីវិតខ្លួនឯងពេកឲ្យសោះ បើយើងឲ្យតំលៃវត្ថុអ្វី គឺវត្ថុនោះឯងដែលធ្វើបាបយើងនៅថ្ងៃមុខ ហាត់រក្សាចិត្តឲ្យស្មើចំពោះមុខវត្ថុទាំងអស់ ទើបមានក្តីសុខ ។ តាមឃ្លាំមើលចិត្ត តាមរវាំងថែរក្សាការពារវា កុំវាធ្លាក់ក្នុងក្តីស្រឡាញ់ស្អប់ ហើយត្រូវចេះពន្យល់លួងលោមវា នៅពេលណាដែលវាមានការទាមទារ ហួសពីសមត្ថភាពរបស់ខ្លួន ។ លោកនេះគ្មានអ្វីសំខាន់ជាងខ្លួនឯងឡើយ ! មើលរឿងនិទាននេះចុះ ៖ នៅភូមិមួយ នរណាក៏ដឹងថា លោកតាចៅអធិការវត្តមានដុំពេជ្របូរាណនៅជាប់ក្នុងថង់យាមលោកដែរ ។ ថ្ងៃមួយមានបុរសម្នាក់បានឃើញលោកកំពុងតែនិមន្តបិណ្ឌ គេបានសាកទូលសុំលោកថា លោកតា ចៅចង់បានវត្ថុដែលមានតំលៃក្នុងថង់យាមលោកតាតើបានទេ ? ស្រាប់តែលោកតាលូកយកហុចឲ្យធ្វើព្រងើយ អត់មានភ្ញាក់ផ្អើលអ្វីទាំងអស់ ។ យប់ឡើងបុរសនោះគិតសព្វៗទៅ ពេជ្រនេះមិនប្រសើរដូចជាចិត្តលោកដែលលះដាច់ភឹងៗឥតអាល័យដូច្នោះឡើយ ទើបព្រឹកឡើងបុរសបានយកពេជ្រទៅប្រគេនលោកវិញហើយពោលថា លោកតា កូណាចង់បានសភាពចិត្តដូចលោកតា ដែលលូកដៃចូលថង់យាមយករបស់មានតំលៃឲ្យកូណាដោយឥតអាល័យនោះណាស់ ! កូណាចង់បានសភាវៈចិត្តបែបនេះណាស់លោកតា ! ។ លោកតាញញឹមហើយតបថា ចូរពិចារណាឲ្យបានរឿយៗថា លោកនេះមិនមានអ្វីសំខាន់ជាងខ្លួនឯងឡើយ ត្រូវចេះតាំងចិត្តលះបង់ឲ្យបានល្អ បើគ្មានការតាំងចិត្តឲ្យបានច្បាស់លាស់ល្អទេ គេមិនអាចលះបង់ការគិតមិនល្អផ្សេងៗបានឡើយ ព្រោះលះបង់ការគិតក៏មិនមែនជារឿងងាយប៉ុន្មានដែរណាចៅ ! ។

