ដល់វ័យ40ឆ្នាំ

S
ដល់វ័យ40ឆ្នាំ មិនត្រូវរវល់និងរឿងពីរយ៉ាង
ដល់វ័យ50ឆ្នាំ មិនត្រូវរវល់និងមនុស្សពីរប្រភេទ
 
ក្នុងវ័យ40ឆ្នាំដូចអ្នក ជាមនុស្សឋិតក្នុងវ័យពាក់កណ្តាលជីវិតទៅហើយ នៅក្នុងពេលនេះ មានទំនួលខុសត្រូវក៏ច្រើន សម្ពាធផ្លូវចិត្តក៏ធ្ងន់។ ពួកយើងតែងលះបង់ពេលវេលា និងចិត្តគំណិតទាំងអស់ទៅលើគ្រួសារ។
យកអស់កំលាំងកាយចិត្តដាក់ក្នុងការងារ។
 
អ្នកមានអាយុ40ឆ្នាំហើយ រាល់ថ្ងៃព្រលឹមចេញព្រលប់ចូល មួយថ្ងៃៗកន្លងផុតទៅយ៉ាងលឿន ឋិតក្នុងពេលវេលាដែលមមាញឹកបំផុត។ មានរឿងចង់ខ្វាយខ្វល់រហូត ពីរឿងតូចតាចដល់រឿងធំដុំ។
ចិត្តហត់នឿយ តែមិនអាចបរិយាយបាន។
មនុស្សក៏ហត់នឿយ តែមិនហ៊ានសំរាក។
ក្នុងវ័យ40ឆ្នាំដូចអ្នក រឿងដែលមិនគួររវល់ខ្វាយខ្វល់អ្នកមិនត្រូវលូកដៃរវល់ជាមួយទៀតឡើយ។
មនុស្សដល់វ័យកណ្តាយហើយ គួរតែជៀសវៀងឲ្យឆ្ងាយពីរឿងមិនល្អ ហើយយកពេលមកធ្វើរឿងដែលមានប្រយោជន៍វិញ។
 
ទី1 គឺរឿងរបស់អ្នកដទៃ នៅក្នុងជីវិតឯកជនរបស់គេ រឿងកំប៉ិចកំប៉ុករបស់គេ អ្នកកុំរវល់ច្រើន។ អ្នកខ្លះមួយថ្ងៃៗអត់មានរឿងអីទេ តែចូលចិត្តបង្កើតឲ្យទៅជារឿង ហើយពង្រីកឲ្យរឿងកាន់តែធំ ប្រសិនបើអ្នកបានចូលរួមចំណែកជាមួយ អ្នកនឹងត្រូវបានគេនាំទុក្ខឲ្យហត់នឿយជាមួយដែរ។ ដល់យូរៗទៅ អ្នកក៏មានឈ្មោះមិនល្អ ជាមនុស្សដែលចេះដឹងរឿងគេច្រើនដែរ។ កាត់បន្ថយការចេះដឹងរឿងគេ ហើយយកពេលមកកំដរមនុស្សជាទីស្រឡាញ់ក្បែរខ្លួនអ្នក អប់រំកប្រៀនប្រដៅកូនចៅអ្នក កតញូជាមួយអ្នកមានគុណ នោះជីវិតនឹងកាន់តែមានន័យបរិបូណ៍។
 
ទី2 រឿងដែលដឹងថាខុសហើយនៅតែប្រព្រឹត្ត
អ្នកខ្លះ ដឹងថាខ្លួនឯងជាអ្នកធ្វើខុស តែនៅតែចង់ប្រព្រឹត្តខុសទៀត ដឹងថាទង្វើររបស់ខ្លួននឹងធ្វើឲ្យអ្នកដទៃខូចប្រយោជន៍ តែនៅតែបន្តទៀត។ មនុស្សប្រភេទនេះគេមិនស្តាប់អ្នកណាហាមឃាត់ឡើយ ហើយក៏មិនចេះគោរពអ្នកដទៃដែរ។ បើអ្នកទៅឈឺឆ្អើលក្នុងរឿងនេះ មិនត្រឹមតែប៉ះពាល់អ្នកដទៃប៉ុណ្ណោះទេ ហើយអាចនឹងនាំគ្រោះដាក់ខ្លួនទៀតផង។
យើងឋិតក្នុងវ័យកណ្តាលទៅហើយ គួរតែរៀនជៀសវៀងពាក់ព័ន្ធនិងទំនាក់ទំនងក្នុងសង្គមដែលឥតន័យ ទស្សនៈបីយ៉ាងមិនដូចគ្នា គឺមិនរួមគ្នាឡើយ ហើយក៏មិនចាំបាច់ហែកមុខគ្នាដែរ។
 
ចូលដល់វ័យ50ឆ្នាំ អ្នកត្រូវចេះថែរក្សាចិត្តខ្លួនឯង កុំគិតតែលះបង់ទៀត កុំចំណាយការយកចិត្តទុកដាក់របស់យើងឲ្យទៅមនុស្សមិនដឹងគុណមិនយល់តម្លៃទៀតអី វានាំឲ្យយើងរឹតតែរបួសផ្លូវចិត្តតែប៉ុណ្ណោះ។ ក្នុងដំណាក់កាលនេះ មានមនុស្ស2ប្រភេទ អ្នកមិនត្រូវរវល់ឈឺឆ្អើលជាមួយដាច់ខាត វានឹងនាំភាពរញ៉េរញ៉ៃមកឲ្យអ្នកមិនខាន។
 
ទី1 មនុស្សដែលចូលចិត្តប្រើល្បិច អ្នកខ្លះល្អនៅនិងមុខ ចាក់រុកក្រោយខ្នង មាត់សម្តីផ្អែមណាស់ពិរោះណាស់ តែក្រោយខ្នងប្រើល្បិច មនុស្សបែបនេះ មានចិត្តចង្អៀតចង្អុល ចិត្តចងគំនុំ អ្នកនឹងមិនដឹងទេថាគេគុំគួនអ្នកតាំងពីពេលណានោះឡើយ ត្រូវតែឃ្លាតឲ្យនាំពីគេបន្តិច បើមិនដូច្នោះទេ គេប្រៀបបានទៅនឹងគ្រាប់បែកដែលមិនកំណត់ម៉ោង គង់មានថ្ងៃណាមួយ នឹងធ្វើឲ្យជីវិតអ្នកប្រលាក់អាប់អួរមិនខាន។
 
ទី2 មនុស្សដែលមើលឃើញគេល្អជាងខ្លួនមិនបាន នៅលើលោកនេះមានមនុស្សមួយប្រភេទ គឺមិនអាចឲ្យអ្នកដទៃល្អជាងគេបានឡើយ ជាពិសេសឋិតក្នុងវ័យនេះ អ្នកខ្លះតែងមានចិត្តប្រៀបធៀបគ្នាខ្លាំង។ ចូលចិត្តប្រៀបធៀបលក្ខ័ណជីវភាពរស់នៅ ចូលចិត្តប្រៀបធៀបការស្លៀកពាក់តុបតែងខ្លួន ចូលចិត្តប្រៀបធៀបកូនចៅ។ ចំពោះមនុស្សប្រភេទនេះ អ្នកគ្រាន់តែនៅឲ្យឆ្ងាយមិនប៉ះពាល់ទៅបានហើយ។ ប្រសិនបើអ្នកមានលក្ខ័ណល្អជាង ជៀសមិនផុសពីការខ្នើសចិត្តនឹងចង់ឈ្នះអ្នកកាន់តែខ្លាំង ហើយមានការគុំគួន ធ្វើឲ្យរំខានចិត្តអ្នក។ ទំនាក់ទំនងសង្គមដែលអត់បានការ អាចបោះចោលបានក៏បោះចោលទៅ មនុស្សដែលធ្វើឲ្យអ្នកឈឺចាប់ អាចបំភ្លេចបានក៏បំភ្លេចចោលទៅ។
មិនថាអ្នកវ័យ40ឆ្នាំឬក៏50ឆ្នាំទេ យើងរស់នៅក្នុងភាពជាក់ស្តែងបន្តិច ទម្លាក់រឿងអត់បានការចោលឲ្យអស់ ហើយចេះថែរក្សាមនុស្សដែលធ្វើល្អនឹងយើង។ មើលរំលងរបស់ដែលបានមក និងរបស់ដែលបាត់បង់ កាត់បន្ថយរឿងរញ៉េរញ៉ៃចោល ទើបឆាកជីវិតចុងក្រោយយើងមានសុភមង្គលពិតប្រាកដ។
 
👸បកប្រែត្រៀមទុកមើលខ្លួនឯង សម្រាប់វ័យឈានចូល40ឆ្នាំ
 
ប្រភព 美篇
https://youtu.be/epnx6BvoM-U
បកប្រែ សុខ គឹមទៀវ
DATE 28 12 2019

 

 

Comments

សុខ គឹមទៀវជាបងស្រីរបស់ខ្ញុំ ជំនាញខាងបកប្រែ ^^