គតិបណ្ឌិតក្នុងពុទ្ធសាសនា ព្រះពុទ្ធត្រាស់ថាៈ
១- យកឈ្នះក្តីក្រោធ ដោយការមិនក្រោធតបៈ ប៉ុន្តែបុថុជ្ជនតែងគិតថា បើគេជេរយើងៗមិនជេរតប នាំតែគេមើលងាយ គេថាយើងអន់ ត្រូវតែតបតទៅវិញឲ្យឈ្នះដៃ គំនិតនេះមិនត្រឹមត្រូវទេ ត្រូវពិនិត្យពិច័យហេតុនិងផលនៃកំហឹងឡើងវិញ នៅរស់រងទុក្ខខ្លួនឯង ពេលស្លាប់ដោយកំហឹងនឹងទៅកើតជាសត្វនរកឬតិរិច្ឆានកាចៗ ។
២- ឈ្នះអំពើអាក្រក់ដោយអំពើល្អៈ ព្រោះមនុស្សសត្វ ដោយហោចទៅសូម្បីតែរុក្ខជាតិ ក៏ចូលចិត្តអំពើល្អដែរ អំពើអាក្រក់តែងបង្កនូវពៀរវេរាទេ ។
៣- ឈ្នះកំណាញ់ដោយការឲ្យទានៈ ការឲ្យទានគឺបង្រៀនមនុស្សឲ្យចេះលះផង ទានអាចបន្ទន់ចិត្តមនុស្សបានផង ។
៤- ឈ្នះកុហក ដោយការពោលពាក្យពិតៈ ការកុហកគឺជាការធ្វើឲ្យបាត់បង់តម្លៃខ្លួនឯង ពោលពាក្យមិនពិតតែម្តង រឿងកន្លងហួសត្រូវសើរើឡើងវិញ ។

