តណ្ហារមែងចម្រើនឡើង រឹងមាំឡើង ចំពោះបុគ្គលណាដែលត្រិះរិះអំពីវាដោយក្តីសោមនស្សរីករាយ រាគៈដែលបានត្រិះរិះនេះវានឹងធ្លាក់ទៅដល់ក្រសែនៃតណ្ហា រាគៈតណ្ហាគឺកើតពីការគិតទេ បណ្ឌិតទាំងឡាយកាត់ផ្តាច់នូវក្រសែតណ្ហានេះបានគឺដោយសតិនិងបញ្ញា ជាអ្នកមិនមានអាល័យលះបង់នូវសេចក្តីទុក្ខទាំងពួងបាន ។ ចូរលះបង់ការអាល័យក្នុងកាមជាអតីត លះបង់អាល័យក្នុងបច្ចុប្បន្ន លះអាល័យក្នុងអនាគត ធ្វើចិត្តឲ្យរួចផុតពីសង្ខតៈធម៌ទាំងពួង នឹងមិនចូលទៅកាន់ជាតិ ជរា និងមរណៈតទៅទៀតឡើយ ។

