ដោយសារសមាធិ នៅពេលយើងគ្រប់គ្រងគំនិតបានហើយ ចិត្តយើងប្រែជាស្រស់ថ្លា មានបញ្ញាច្រើនជាងមុន ដោះស្រាយបញ្ហាបានល្អជាងមុន មិនសូវទើសចិត្ត មិនសូវមួរម៉ៅក្តៅក្រហាយ ការរស់នៅប្រែជាងាយស្រួលជាងមុន មិនអន្ទះអន្ទែងក្រហល់ក្រហាយរោលរាល មិនច្រណែន មិនកំណាញ់ ពេលនោះមានរឿងអស្ចារ្យជាច្រើន ដែលខ្លួនមិនធ្លាប់បានឃើញបានកើតឡើងជាហូរហែរ ។ ការរស់នៅចុះសម្រុងជាមួយអ្នកដទៃកាន់តែខ្លាំង ចេះព្រលែងចោលរឿងអត់បានការ លែងសូវសន្សំរឿងជាមួយអ្នកដទៃ ចិត្តប្រែជាធ្ងន់អំណត់មិនក្រេវក្រោធ មិនឆេវឆាវ សេចក្តីសុខក្នុងគ្រួសារក៏ចេះតែកើនឡើងៗជាលំដាប់ ។ មនុស្សដែលមានបញ្ញាច្រើន តែងមានសតិស្មារតីចងជាប់ជាមួយបច្ចុប្បន្នជានិច្ច ចិត្តដែលមានបញ្ញានិងសតិដឹកនាំថែរក្សាហើយ ចាត់ទុកថាបានទទួលរង្វាន់ដ៏ប្រសើរ តែបើចិត្តប្រាសចាកសតិហើយ វាគឺជាបណ្តាសាររបស់ច្បាប់កម្មផលនេះហើយ ! ។ ប៉ុន្តែបើគេព្យាយាមអប់រំចិត្តដោយការចម្រើនភាវនាចូលឲ្យជ្រៅក្នុងជំរៅចិត្ត បណ្តាសារនោះត្រូវរលាយបាត់អស់ទៅ វាក្លាយមកជាបាច់ផ្កាជូនពរទៅវិញ ! សាកមើលបានដឹង បើនៅតែនិយាយហើយមិនធ្វើ ជាតិនេះគ្មានថ្ងៃបានស្គាល់បេះដូងពិតរបស់ពុទ្ធសាសនាឡើយ ! ហើយកុំចេះតែតូចចិត្តថាព្រះមិនជួយ ។

