ឆ្លងកាត់ទំនាក់ទំនងស្នេហាខកបំណងជាច្រើនដង បេះដូងខ្ញុំបានប្រាប់ខ្ញុំថា គ្មានអ្នកណាល្អជាងសង្សារដំបូងរបស់ខ្ញុំទេ ហើយក៏គ្មានអ្នកណាស័ក្តិសមនឹងខ្ញុំជាងគេនោះដែរ។ ខ្ញុំក៏សម្រេចចិត្តត្រឡប់ទៅរកសង្សារចាស់ម្នាក់នោះម្ដងទៀត ហើយខ្ញុំក៏ទទួលដឹងថា គេបានឆ្លងកាត់ស្នេហាជាបន្តបន្ទាប់ដូចខ្ញុំដែរ តែមិនសមបំណង ហើយក៏បែកបាក់ដូចខ្ញុំអ៊ីចឹង។ បេះដូងពួកយើងនៅតែមានគ្នា ហើយទីបំផុតយើងក៏រើសយកការអភ័យឱ្យរឿងកន្លង ហើយព្រមបំភ្លេចចោលអតីតកាលដ៏ឈឺចាប់ដែលយើងធ្លាប់ផ្ដល់ឱ្យគ្នា។ យើងស្ម័គ្រចិត្តទទួលយកសង្សារចាស់ម្នាក់នេះធ្វើជាសង្សារថ្មីម្ដងទៀត។
វាមិនមែនជារឿងនិទានទេ តែវាជារឿងពិត។ សេពគប់គ្នាជាថ្មីម្ដងទៀត បានរយៈពេល៥ឆ្នាំ ពួកយើងក៏សម្រេចចិត្តរៀបការជាមួយគ្នា រស់នៅជាគ្រួសារតែមួយ រហូតបានចំណងដៃកូនប្រុសស្រីបីនាក់។ ចានក្នុងរាវ តែងរណ្ដំ ប្ដីប្រពន្ធមានរឿងថ្នាំងថ្នាក់ខ្លះ ជារឿងដែលចៀសមិនផុត តែពេលមានរឿងម្ដងៗយើងម្នាក់ៗតែងជ្រើសយកការអត់ឱន និងគិតដល់សុភមង្គលគ្រួសារជាធំ។

