កាលនៅក្មេង ខ្ញុំចូលចិត្តញ៊ាំបង្អែម និង ម្ជូរណាស់ គឺញ៊ាំសឹងតែរាល់ថ្ងៃទៅហើយ។ ប៉ុន្ដែមកដល់ឥឡូវនេះ ខ្ញុំបែរជាលែងសូវរវីរវល់នឹកចង់ញ៊ាំទៀត សឹងតែថាមួយឆ្នាំមិនទាន់ញ៊ាំម្ដងក៏បានដែរ។ មានបងស្រីម្នាក់ប្រាប់ខ្ញុំថា កាលពីគាត់មិនទាន់រៀបការ គាត់ចូលចិត្តអានប្រលោមលោកស្នេហាណាស់ តែក្រោយពីមានគ្រួសាររួចមក រឿងស្នេហាក៏លែងជាចំណូលចិត្តរបស់គាត់ទៀត ព្រោះគាត់ឆ្លងកាត់រឿងរ៉ាវជីវិតមកច្រើន រហូតដល់គាត់មិនមានអារម្មណ៍រំភើបចំពោះការតាក់តែងពីស្នេហាផ្អែមល្ហែមដ៏ឥតខ្ចោះរបស់អ្នកនិពន្ធតទៅទៀត។
យើងប្រែប្រួលទៅតាមពេលវេលា។ គ្រប់គ្នាសុទ្ធតែប្រែប្រួលទើបធ្វើឱ្យគ្រប់យ៉ាងប្រែប្រួល។ គិតដល់នេះ ទើបខ្ញុំមិនជឿលើពាក្យសន្យា ហើយក៏មិនចង់សន្យាចំពោះអនាគតទៀតដែរ។ ចំណងមួយដែលរឹងមាំ មិនបានស្ថិតលើការសន្យានៅថ្ងៃនេះទេ ប៉ុន្ដែវាស្ថិតលើការបើកចិត្ត និងការយោគយល់ចំពោះគ្នាទៅវិញទៅមក នៅពេលដែលភាពប្រែប្រួលចូលមកដល់។

