#អ្វីដែលជីវិតបានបង្រៀនយើង
ជីវិតបានបង្រៀនយើងថា យើងមិនអាចគ្រប់គ្រងភាពស្មោះត្រង់របស់នរណាម្នាក់បានឡើយ មិនថាយើងស្មោះត្រង់ចំពោះគេខ្លាំងប៉ុនណាក៏ដោយ ក៏វាមិនមានន័យថាគេនឹងធ្វើល្អ ហើយស្មោះត្រង់ចំពោះយើងវិញដូចដែលយើងតែងតែធ្លាប់បានធ្វើចំពោះគេនោះទេ។ មិនថាយើងបានផ្ដល់តម្លៃដល់នរណាម្នាក់ច្រើនលើសលុបប៉ុនណាក៏ដោយ ក៏វាមិនមានន័យថាគេនឹងផ្ដល់តម្លៃចំពោះយើង ដូចអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកនោះទេ។
ចួនកាលមនុស្សដែលយើងស្រលាញ់ និងទុកចិត្តបំផុត គឺជាមនុស្សដែលបំផ្លាញការទុកចិត្តរបស់យើងច្រើនបំផុតដែរ។ ការដែលយើងមានឱកាសបានស្គាល់រាប់អានជាមួយនរណាម្នាក់ វាគឺដូចជាការសាកល្បងភ្លក្សនូវរសជាតិនៃទំនាក់ទំនងនោះអ៊ីចឹង។ ដូច្នេះគ្រាន់តែរាប់អានគ្នាធម្មតាគឺបានហើយ មិនចាំបាច់ស្រលាញ់ខ្លាំងពេក ស្មោះត្រង់ពេកឱ្យតម្លៃពេក គោរពពេក ឬក៏ថារំពឹងពីគេខ្លាំងពេកក៏មិនចាំបាច់ដែរ។
ទំនាក់ទំនងកាន់តែជ្រៅ ដំបៅកាន់តែឈឺ ពីព្រោះទំនុកចិត្តដែលយើងបង់ចូលទៅក្នុងទំនាក់ទំនងមួយ បើវារលាយអស់ទៅ វាក៏នឹងធ្វើឱ្យយើងឈឺចាប់ខ្លាំង។ មនុស្សយើងអាចនិយាយបានថា នៅក្នុងទំនាក់ទំនងមួយ វានឹងរីកចម្រើនទៅមុខ ឬក៏ត្រូវធ្លាក់ចុះ គឺនៅលើទំនុកចិត្តនេះឯង។ យើងត្រូវមានភាពស្មោះត្រង់ ប៉ុន្តែមិនមែនល្ងង់។ យើងត្រូវជឿជាក់ប៉ុន្តែមិនមែនជឿងប់។ មនុស្សដែលអាចសម្លាប់យើងបានដោយងាយ គឺមនុស្សដែលយើងជឿទុកចិត្តខ្លាំងជ្រុលហ្នឹងឯង។ 

