យើងចេះតែមិនព្រមទទួលយកនូវអ្វីដែលខ្លួនមាន។ ក្ដីស្រមៃហាក់ចេះតែមិនទាន់មកដល់។ យើងឆ្ងល់ថា ហេតុអ្វីក៏ត្រូវចួបស្ថានភាពបែបនេះ? ហេតុអ្វីក៏ស្គាល់មនុស្សប្រភេទនេះ? ហេតុអ្វីក៏មានគ្រួសារដូច្នេះ? ប៉ុន្តែក្នុងពេលមួយដែលឆាកជីវិតធ្លាក់ដល់បាត យើងបែរជារកឃើញថា យើងគ្មានការព្រួយបារម្ភអ្វីទៀតឡើយ ព្រោះវាធ្លាក់បែបនេះទៅហើយ វាគ្មានកន្លែងធ្លាក់បន្តទៀតទេ ហើយពេលនោះយើងបែរជាយល់ពីសំណាងកន្លងមក យល់ពីតម្លៃនូវអ្វីៗដែលយើងធ្លាប់មាន។
បើគង់តែរស់នៅដដែល ហេតុអ្វីមិនព្រមរស់នៅដោយមានក្ដីសុខនៅក្នុងពេលនេះតែម្ដងទៅ? យើងត្រូវរៀនទទួលយកស្ថានភាពនីមួយៗ។ វាមិនមែនអាក្រក់ដូចដែលយើងគិតទេ តែវាកំពុងតែបង្កើតនូវទំព័រជីវិតថ្មី។ ទាល់តែយើងព្រមទទួលយកស្ថានភាពខ្លូនឯងនៅក្នុងពេលនេះ ទើបយើងអាចឈានទៅកាន់ស្ថានភាពថ្មីមួយ ដែលល្អប្រសើរជាងនេះបាន។

