“ផ្ញើជូនយុវវ័យជាទីស្រឡាញ់”

S
samrith
“ភាពជាយុវវ័យត្រូវការនូវការសប្បាយ ប៉ុន្តែបើយើងរវល់តែសប្បាយភ្លេចខ្លួន យើងនឹងក្លាយជាមូលហេតុនៃសេចក្ដីឈឺចាប់របស់មនុស្សជំនាន់ក្រោយដោយចៀសមិនផុតឡើយ!”

យើងនឹងទៅដល់គោលដៅ ប្រសិនបើយើងចាប់ផ្ដើមចេញដំណើរ ប៉ុន្តែដំណើរដ៏វែងឆ្ងាយនេះវានឹងមិនធានាឱ្យយើងនូវភាពងាយស្រួលទេ។ យើងអាចជួបឧបសគ្គជាច្រើននៅតាមផ្លូវ ប៉ុន្តែឧបសគ្គទាំងនោះនឹងបង្រៀនយើងពីរបៀបទប់ទល់បញ្ហា ឱ្យយើងចេះខាំមាត់អត់ធ្មត់ ហើយប្រឹងប្រែងតស៊ូយ៉ាងស្វិតស្វាញដើម្បីទប់ជំហររបស់យើង។ 

បើយើងស្គាល់ការលំបាកដោយការធ្វើដំណើរ នោះយើងនឹងស្គាល់តម្លៃនៃគោលដៅពេលយើងបានទៅដល់។ វាអាចមានមធ្យោបាយស្រួល ឬលំបាកខុសៗគ្នាដើម្បីសម្រេចបំណងប្រាថ្នារបស់យើង ដោយអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងរបស់យើងម្នាក់ៗ ប៉ុន្តែវាអត់មានផ្លូវកាត់ទេ ព្រោះគ្រប់យ៉ាងគឺត្រូវទទួលបានមកដោយការសន្សំម្ដងបន្ដិចៗ។ បើយើងគ្រាន់តែមានបំណងប្រាថ្នាដ៏ពុះកញ្ជ្រោលតែម្យ៉ាងវាមិនគ្រប់គ្រាន់ឡើយ ប៉ុន្តែវាត្រូវតែជាបំណងប្រាថ្នាដ៏ច្បាស់លាស់ ហើយដាក់ចិត្តដាក់កាយក្នុងការលះបង់ខ្ពស់បំផុតដើម្បីវា។

យើងមិនអាចប្រាថ្នាឃើញខ្លួនឯង គ្រួសារ ឬសង្គមជាតិរបស់យើងរីកចម្រើនដោយគ្មានការចូលរួមក្នុងការប្រឹងប្រែង និងលះបង់របស់យើងនោះទេ។ ទាល់តែយើងម្នាក់ៗអាចអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួន ពេលនោះទើបយើងអាចជួយអភិវឌ្ឍគ្រួសារ និងសង្គមជាតិរបស់យើងបាន ហើយទាល់តែមានការចូលរួមពីយើងម្នាក់ៗ នោះទើបមានការរួបរួមមួយដ៏ប្រសើរនាពេលអនាគត។

Comments