“ពេលវេលាបានលាងយកការឈឺចាប់ចេញពីមុខរបួសក៏ពិតមែន ប៉ុន្តែក្រោយពេលរបួសជាសះស្បើយវានៅតែមានស្លាកស្នាម ហើយស្លាកស្នាមរបួសដែលយើងឃើញ វានៅតែរំលឹកប្រាប់យើងថាយើងធ្លាប់ឈឺចាប់នៅត្រង់កន្លែងហ្នឹងពីមុន”
ពេលដែលអាចនៅមើលឃើញថាខ្លួនឯងមានស្នាមរបួស នោះវាមានន័យថាយើងមិនទាន់ស្លាប់នៅឡើយទេ។ ស្នាមនេះនៅតែក្រើនរំលឹកប្រាប់យើងថាពីមុនយើងធ្លាប់ធ្វេសប្រហែសចំពោះខ្លួនឯង។ យើងធ្លាប់ព្យាបាលដោយបិតថ្នាំ ហើយយើងមិនបានទុកដំបៅនោះចោលទេ។ វាតែងរំលឹកយើងជារឿយៗថា យើងត្រូវតែមានការប្រុងប្រយ័ត្នឱ្យច្រើនជាងមុន មិនថារាល់ពេលធ្វើអ្វីក៏ដោយ ព្រោះគ្រោះថ្នាក់ និងរឿងមិនល្អនានាអាចកើតឡើងបានគ្រប់វិនាទីទាំងអស់។ បើមានរបួសលើរាងកាយ វាអាចនឹងព្យាបាលជាសះស្បើយដោយការបិទថ្នាំ ឬការលេបថ្នាំជាដើម ប៉ុន្តែបើមានរបួសផ្លូវចិត្តវិញ តើមានវិធីអ្វីដើម្បីព្យាបាលវាបានទៅ? ចំពោះការព្យាបាលរបួសផ្លូវចិត្ត គឺខុសស្រឡះពីការព្យាបាលរបួសផ្លូវកាយ។ ដ្បិតអីរបួសផ្លូវចិត្តគ្មាននរណាម្នាក់អាចមើលឃើញពីមុខរបួសខាងក្នុង ថាវាគួរឱ្យខ្លាច និងឈឺចាប់ខ្លាំងប៉ុនណានោះទេ។
មនុស្សដែលមានរបួសផ្លូវចិត្តនឹងអាចរកឃើញពីវិធីព្យាបាលរបួសនេះដោយខ្លួនឯង។ ថ្នាំដែលពូកែបំផុតដើម្បីព្យាបាលរបួស និងការឈឺចាប់ក្នុងចិត្តគឺពេលវេលា។ ពេលវេលានឹងជួយព្យាបាលស្លាកស្នាមរបួសទាំងអស់នោះ ឱ្យបានជាសះស្បើយ។ ប៉ុន្តែវាទាមទារឱ្យយើងអត់ធ្មត់ និងទ្រាំចំពោះការឈឺចាប់នោះមួយរយៈដែរ។ ទឹកដែលល្អក់កករត្រូវការពេលឱ្យត្រលប់មកជាថ្លា ដួងចិត្តដែលឈឺផ្សាក៏ត្រូវការពេលវេលាដើម្បីព្យាបាលដូចគ្នា។ ទោះបីយ៉ាងណាក៏ដោយ ថ្វីដ្បិតតែរបួសផ្លូវចិត្តអាចព្យាបាលដោយពេលវេលាក៏ពិតមែន ប៉ុន្តែវានឹងមានពេលណាមួយការឈឺចាប់នេះនឹងអណ្ដែតឡើងមកវិញម្ដងទៀត។ វាគឺជាការពិតដែលថា ការឈឺចាប់ទាំងឡាយនៅក្នុងអតីតកាលតែងតែមកលងយើងម្ដងម្កាល នៅពេលដែលយើងភ្លេចតាំងសតិ ហើយបណ្ដោយឱ្យចិត្តរសាត់អណ្ដែតទៅដោយគ្មានគោលដៅ។ ចិត្តនឹងគាស់កកាយរឿងឈឺចាប់ចេញមក បើវាគ្មានការគ្រប់គ្រងត្រឹមត្រូវទេនោះ។ ប៉ុន្តែវាមិនអីទេ ព្រោះការឈឺចាប់នោះនឹងរលាយបាត់ទៅវិញក្នុងរយៈពេលមួយដ៏ខ្លី។
យើងមិនអាចបង្ខំឱ្យវារលុបបាត់ទៅតាមតែចិត្តនឹកឃើញនោះទេ។ វាដូចជាទឹកល្អក់មួយកែវដែលនៅពីមុខយើង តើយើងលាងជម្រះនូវភាពកខ្វក់របស់ទឹកចេញយ៉ាងម៉េចកើត? វាមានតែការរង់ចាំឱ្យវាត្រលប់មកជារងថ្លាវិញម្ដងបន្ដិច គឺចាំឱ្យកករល្អក់ធ្លាក់ចុះទៅបាតកែវតាមសម្រួលតែប៉ុណ្ណោះ។

