#កុំមើលតែសម្បកក្រៅ

S
samrith
ភាពស្អាត និងភាពមិនស្អាត វាត្រូវបានកំណត់នៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ។ ដ្បិតបើត្រូវចិត្តយើង យើងនឹងថាស្អាត តែបើខុសចិត្តដែលយើងចង់បាន គឺយើងនឹងថាមិនស្អាតភ្លាមតែម្តង។ ប៉ុន្តែក្នុងច្បាប់ធម្មជាតិ វាមិនបានកំណត់ថាអ្វីស្អាត ឬអ្វីមិនស្អាតទេ។
ទស្សនវិទូបុរាណចិន ខុង ជឺ ពោលថា “គ្រប់ធម្មជាតិទាំងអស់ វាសុទ្ធសឹងតែមានសម្រស់របស់វា តែមនុស្សតិចតួចណាស់ដែលបានមើលឃើញ”។ ភាពស្រស់ស្អាតនៃធម្មជាតិ វាពុំអាចមើលដោយភ្នែកទទេបានទេ។ នៅក្នុងស្ថានភាពខ្លះដែលមនុស្សបានដាក់តម្លៃទៅលើភាពស្អាតនិងភាពមិនស្អាតជាទម្ងន់ វានឹងធ្វើឱ្យតម្លៃនៃភាពត្រឹមត្រូវបាត់បង់។ ការបោះបង់ចោលភាពត្រឹមត្រូវដែលជាសច្ចភាពក្នុងខ្លួន វានឹងធ្វើឱ្យមនុស្សប្រកាន់យកសម្បកខាងក្រៅដែលជារឿងផ្ទុយនឹងធម្មជាតិ (ផ្ទុយពីភាពល្អ)។ ពេលខ្លះត្រូវចេះស្របនឹងធម្មជាតិ និងពេលខ្លះទៀត ក៏ត្រូវប្រឆាំងទៅនឹងធម្មជាតិដាច់ខាតដែរ តែយើងមិនអាចបោះបង់ភាពត្រឹមត្រូវបានជាដាច់ខាត។
មនុស្សល្ងង់ ផ្តល់តម្លៃខ្ពស់ទៅលើភាពស្អាតខាងក្រៅ ច្រើនជាងភាពត្រឹមត្រូវខាងក្នុង។ ការឱ្យតម្លៃសុជីវធម៌ជាងសីលធម៌, និងស្មោះត្រង់ជាងសុចរិត, កិត្តិយសជាងសេចក្តីថ្លៃថ្នូរ ទាំងនេះសុទ្ធតែជាផ្នែកមួយបង្កឱ្យសង្គមមួយរស់ពោរពេញដោយភាពក្លែងក្លាយ បាត់បង់តម្លៃពិតក្នុងការរស់នៅ ឬបាត់បង់តម្លៃក្នុងភាពជាមនុស្សពិតប្រាកដ។ ត្រូវចាំថា “ភាពឆើតឆាយខាងក្រៅ វាមិនអាចលាក់បាំងលក្ខណៈទន់ខ្សោយខាងក្នុងបានយូអង្វែងឡើយ”។

Comments