វាប្រហែលជាឯកាបន្តិចនៅពេលដែលអ្នកជុំវិញខ្លួនយើងមិនបានលើកទឹកចិត្តយើងក្នុងការដើរតាមក្តីស្រមៃរបស់យើង។ ប៉ុន្តែមានតែយើងម្នាក់គត់ដែលដឹងថាក្តីស្រមៃមួយនោះឬក៏បុព្វហេតុមួយនោះ វាសំខាន់យ៉ាងណាសម្រាប់ជីវិតយើង។
កុំចំណាយពេលវេលាដ៏មានតម្លៃរបស់យើងទៅគិតច្រើនពេកពីសម្តីរបស់អ្នកដទៃដែលធ្វើឱ្យយើងបាក់ទឹកចិត្ត ឬធ្វើឱ្យយើងមិនមានអារម្មណ៍ល្អក្នុងការបន្តដំណើរទៅរកក្តីស្រមៃយើង។ អ្នកដទៃគឺគ្រាន់តែជាអ្នកដទៃ គេមិនបានមករស់ជំនួសយើង ឬជួយដកដង្ហើមជំនួសយើងឱ្យរស់បានទេ។
ចំណែកពេលវេលាគឺពិតជាដើរលឿនណាស់ ហើយពេលវេលាក៏មិនខ្វល់ថា យើងរកខ្លួនឯងឃើញឬអត់? យើងបរាជ័យឬជោគជ័យ? គេមាក់ងាយយើងឬគេសរសើរយើង?...ពេលវេលាគឺដើរទៅមុខជានិច្ច។ ទោះបីយើងមាននាឡិកា១០ដាក់នៅក្នុងផ្ទះ ក៏ពេលវេលាមានតែ២៤ម៉ោងក្នុងមួយថ្ងៃដដែល។
យើងក៏ពុំគួរយកសុភមង្គលរបស់យើងទៅវាស់ដោយសម្តីអ្នកដទៃនោះដែរ។ រៀនពឹងលើសមត្ថភាពខ្លួនឯង និងជឿជាក់លើខ្លួនឯង បើដួល ត្រូវរៀនក្រោកឡើងម្តងទៀត កុំអង្គុយអស់សង្ឃឹមដូចត្រូវគេបោះបង់ចោល។

