ជួនកាលជីវិតយើងក៏ដើរដល់តំបន់បិទជិតមួយ ដែលយើងលែងសូម្បីតែត្រូវការជំនួយពីអ្នកដទៃ — ជាពេលដែលចិត្តធ្លាក់ចុះខ្លាំង គ្មានកម្លាំងកំហែងក្រោកពីដំណេក គ្មានចិត្តចង់ទៅជួបអ្នកណាៗទាំងអស់។ វាជាអារម្មណ៍ខ្លាច ឬបាក់ស្បាត ដែលបន្សល់ពីអតីតកាលដ៏យូរលង់ ហើយយើងក៏ដឹងខ្លួនច្បាស់ថា ដំណាក់កាលនេះ គ្មានអ្នកណាអាចជួយស្រោចស្រង់រូបយើងបានឡើយ ក្រៅពីយើងខ្លួនឯង។
អ្នកដែលធ្លាប់ធ្លាក់ចូលក្នុងដំណាក់កាលនេះ ទើបយល់ ទើបឈប់ឆ្ងល់ពីបុគ្គលដែលចូលចិត្តនៅតែម្នាក់ឯង។ ព្រោះតែគេមានចិត្តទន់ខ្សោយ តែគេពិតជាមិនចង់បែបនេះទេ ហើយគេក៏កំពុងតែប្រយុទ្ធជាមួយនឹងទុក្ខព្រួយក្នុងចិត្តខ្លួនឯង គ្រប់ពេលវេលា។ ចិត្តបាក់ស្បាតនោះមានឥទ្ធិពលគ្របសង្កត់គេឱ្យងើបទៅពឹងអ្នកណាមិនរួច ក្រៅតែពីគិតថា គ្មានអ្នកណាអាចយល់ពីគេបាននោះឡើយ។ មនុស្សនៅជុំវិញខ្លួនក៏មើលមកគេដោយសេចក្ដីធុញទ្រាន់ ឬក៏បោះពាក្យសម្ដីថា មកពីគេបិទខ្លួនឯង មិនឱ្យអ្នកណាទៅជួយ។
សេចក្ដីបាក់ស្បាត ភ័យខ្លាច មិនហ៊ានចាប់ផ្ដើមធ្វើអ្វីទាំងអស់ ទុក្ខលំបាកទាំងនោះ ខ្ញុំឧស្សាហ៍ដើរជួបណាស់ ហើយខ្ញុំក៏ដឹងច្បាស់ ថាខ្ញុំត្រូវការពេលវេលា ដើម្បីដើរចេញពីវា។ លុះពេលដែលខ្ញុំអាចដើរចេញរួចម្ដងៗ ខ្ញុំក៏ស្គាល់ច្រកដ៏សក្តិសម ដើម្បីយកមកសរសេរចែករំលែក។

