“មនុស្សរឹងមាំ”

S
samrith
មនុស្សរឹងមាំ មិនមែនជាមនុស្សដែលពូកែលាក់ការឈឺចាប់ទេ។ វាក៏មិនមានន័យថា យើងមិនត្រូវការឲ្យនរណាដឹងពីការឈឺចាប់ ឬមិនត្រូវការជំនួយនោះឡើយ។ មនុស្សរឹងមាំ មិនមែនជាមនុស្សដែលតែងតែបដិសេធការជួយពីនរណាម្នាក់នោះទេ ហើយក៏មិនមែនជាមនុស្សដែលចង់តស៊ូចំពោះបញ្ហាតែម្នាក់ឯងនោះដែរ។

មនុស្សរឹងមាំមិនមែនជាមនុស្សដែលអាចគេចផុតពីបញ្ហាទេ ប៉ុន្តែជាមនុស្សដែលហ៊ានប្រឈមជាមួយបញ្ហានៅចំពោះមុខ។ មនុស្សរឹងមាំនឹងមិនបង្កើតបញ្ហាមួយទៀតដើម្បីលាក់បាំងបញ្ហាដែលបានកើតឡើងនោះឡើយ។ ផ្ទុយទៅវិញ គេជាមនុស្សដែលហ៊ានទទួលយកការពិតនៅចំពោះមុខ។ មនុស្សរឹងមាំ ក្លាហានដើម្បីសុំជំនួយពីនរណាម្នាក់ បន្ទាប់ពីខ្លួនបានខិតខំប្រឹងបែងអស់លទ្ធភាពហើយ។
ចង់ធ្វើជាមនុស្សរឹងមាំម្នាក់ដែរមែនទេ? មិនបាច់ញញឹមដើម្បីទប់ទឹកភ្នែកកុំឲ្យស្រក់ចុះនោះទេ។ បើមានអារម្មណ៍ថា វាចង់ស្រក់ចុះមកហើយ សូមអនុញ្ញាតឲ្យវាស្រក់ឲ្យអស់ចិត្តមក។ អ្វីដែលយើងត្រូវធ្វើ គឺជូតទឹកភ្នែកចេញ រួចហើយញញឹមសារជាថ្មីម្ដងទៀត។

ធម្មជាតិបង្កើតមនុស្សមក គ្រប់គ្នាអាចសើច អាចយំ អាចមានទុក្ខ អាចឈឺចាប់ អាចរីករាយ។ ដូច្នេះ សូមគ្រាន់តែអនុញ្ញាតឲ្យភ្នែករបស់យើងអាចបង្ហូរទឹកភ្នែក ពេលដែលមាត់របស់យើងមិនអាចនិយាយបាន។ វាមិនអីទេ យើងមិនមែនជាមនុស្សទន់ជ្រាយទេ បើគ្រាន់តែយើងយំ ដោយសារតែពិបាកទ្រាំនោះ៕

“នៅពេលមាត់យើងមិនអាចនិយាយប្រាប់ពីអារម្មណ៍ឈឺចាប់ ភ្នែកយើងនឹងនិយាយជំនួសម្ដង”

Comments