មនុស្សគ្រប់គ្នាអាចមានអារម្មណ៍ភ័យខ្លាច តែទោះជាយ៉ាងណាក៏មិនគួរបោះបង់ចោលការព្យាយាម និងមិនត្រូវយកភាពភ័យខ្លាចទាំងនោះមកបង្អាក់ទង្វើដើម្បីសម្រេចក្ដីសុបិនរបស់ខ្លួននោះឡើយ។ ភាពក្លាហាន វាមិនមែនបានន័យថាយើងនឹងធ្វើអ្វីៗដោយគ្មានភាពភ័យខ្លាចនោះទេ ប៉ុន្តែ វាមានន័យថាយើងមិនអនុញ្ញាតឱ្យភាពភ័យខ្លាចបញ្ឈប់យើងពីការបន្តធ្វើអ្វីដែលយើងចង់ធ្វើ ឬអ្វីដែលយើងត្រូវតែធ្វើ។
នៅក្នុងកាលៈទេសៈណាមួយ មិនថាមនុស្សដែលមានភាពក្លាហាន រឹងមាំកម្រិតណានោះទេ ពួកគេតែងតែប្រឈមនឹងអារម្មណ៍ភ័យខ្លាច ហើយវាជារឿងធម្មតា។ យើងនឹងខ្លាចចំពោះអ្វីដែលយើងត្រូវសាកល្បងធ្វើជាលើកដំបូង។ សាកស្រមៃមើល! នៅថ្ងៃដំបូងដែលយើងធ្វើដំណើរពីជនបទដើម្បីមកបន្តការសិក្សា ឬមកធ្វើការនៅទីក្រុងដែលជាកន្លែងថ្មីសុទ្ធសាធសម្រាប់យើង។ ជាការពិត គឺយើងនឹងមានអារម្មណ៍ភ័យខ្លាច ហើយគិតដល់រឿងជាច្រើនដែលអាចកើតឡើងចំពោះយើង។ ថ្ងៃដែលយើងឈានជើងចូលសាលារៀនជាលើកដំបូង ថ្ងៃដែលយើងឈានជើងចូលទៅកន្លែងការងាររបស់យើងជាលើកដំបូង ថ្ងៃដែលយើងដាច់ចិត្តសារភាពស្នេហាទៅកាន់នរណាម្នាក់ជាលើកដំបូង នោះវាសុទ្ធតែជាថ្ងៃដែលយើងមានអារម្មណ៍ភ័យខ្លាច។ កុំបណ្ដោយឱ្យភាពភ័យខ្លាចបញ្ឈប់យើងពីការធ្វើអ្វីដែលយើងចង់ធ្វើ។ មនុស្សគ្រប់គ្នាចាប់ផ្ដើមពីចំណុចនេះ គឺចំណុចដែលគិតថានោះជារឿងថ្មីសម្រាប់ខ្លួន ជារឿងដំបូងដែលខ្លួនត្រូវធ្វើ។ យើងបានមកកាន់ផែនដីនេះនៅថ្ងៃដំបូង ហើយយើងបានស្រែកយំ។ យើងខ្លាចការចាប់ផ្ដើម តែយើងមិនបានបោះបង់ការធ្វើដំណើរនោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ បទពិសោធជីវិតបានបង្រៀនយើងពីរបៀបរស់នៅជាមួយបញ្ហា ស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបជាមួយបញ្ហា ហើយពេលខ្លះក៏បង្រៀនយើងឱ្យបង្កើតបញ្ហាជាច្រើនផងក៏មាន។

