#ឆាកជីវិតដ៏ស្ងប់ស្ងាត់

S
samrith
“ឆាកជីវិតខុសពីឆាកតន្ត្រី ពេលគេប្រគំតន្ត្រីមានមនុស្សច្រើនណាស់ដែលរង់ចាំមើល និងទះដៃអបអរសប្បាយជាមួយការប្រគំ។ ប៉ុន្តែឆាកជីវិតវាស្ងៀមស្ងាត់ខ្លាំងណាស់។ មានមនុស្សមិនច្រើនឡើយ ដែលមកអបអរចំពោះវត្តមានរបស់យើង ប៉ុន្តែមានមនុស្សច្រើនណាស់ដែលចូលរួមសោកស្ដាយពេលដែលវត្តមានយើងលែងមាន”

នៅខណៈពេលថ្មើរនេះ ប្រហែលជាមានមនុស្សជាច្រើនទើបតែចាប់ផ្ដើមទំនាក់ទំនង។ មានមនុស្សជាច្រើនកំពុងតែព្យាយាមរក្សាទំនាក់ទំនង។ មានមនុស្សជាច្រើនលែងមានអារម្មណ៍ចង់បន្តទំនាក់ទំនងរបស់គេ។ មានមនុស្សជាច្រើនដែលកំពុងតែមានអារម្មណ៍ឯកា ព្រោះកំពុងគិតថាខ្លួនគ្មាននរណាស្រឡាញ់ មានមនុស្សជាច្រើនដែលនឹកចង់ត្រលប់ទៅរក្សាទំនាក់ទំនងចាស់វិញ។ ប៉ុន្តែក៏មានមនុស្សជាច្រើនទៀតដែលគ្មានទំនាក់ទំនងសោះ គ្មានគិតអំពីការសាងបង្កើតទំនាក់ទំនង ហើយក៏គ្មានគិតដល់ហេតុផលដើម្បីផ្ដាច់ទំនាក់ទំនង។

មានមនុស្សដែលមានសុភមង្គលសូម្បីតែមិនមែនស្ថិតនៅក្នុងទំនាក់ទំនងស្នេហា។ មានមនុស្សដែលរស់នៅក្នុងភាពឯកា សូម្បីតែរៀបអាពាហ៍ពិពាហ៍ រួចក៏មានមនុស្សដែលព្យាយាមរកហេតុផលដើម្បីបញ្ចប់ទំនាក់ទំនងក្នុងនាមជាគូសង្សារ ឬប្ដីប្រពន្ធ។ នៅពេលសប្បាយមនុស្សភ្លេចហើយចំពោះការឈឺចាប់ទាំងឡាយដែលនឹងមកដល់ ហើយនៅពេលដែលក្ដីទុក្ខមកដល់ភ្លាម យើងក៏ភ្លេចថាតើខ្លួនឯងត្រូវធ្វើចិត្តយ៉ាងម៉េចទើបអាចអត់ទ្រាំបាន? ពេលជួបនរណាម្នាក់ វាហាក់ដូចជាសារមួយដែលរំលឹកយើងថាពេលបែកគឺនឹងកាន់តែកៀកមកដល់ ហើយបើយើងកាន់តែមិនចង់បាត់បង់ទៅវិញច្រើនប៉ុនណាយើងក៏នឹងត្រូវឈឺចាប់ច្រើនប៉ុណ្ណឹងដែរ។

នៅខណៈថ្មើរនេះ មានរឿងជាច្រើនកំពុងកើតឡើង ហើយបើយើងគ្មានការអត់ធ្មត់ គ្មានភាពរឹងមាំ តើយើងអាចឆ្លងកាត់ស្ថានភាពនីមួយៗ គ្រប់ខណៈនៃជីវិតបានដោយរបៀបណា? នៅខណៈនេះមិនថាអ្នកកំពុងស្ថិតនៅក្នុងរូបភាពជីវិតល្អបែបណា ឬក៏អាក្រក់បែបណា អ្វីដែលត្រូវដឹង គឺមិនមែនមានតែយើងម្នាក់ទេដែលកំពុងហែលឆ្លងស្ថានភាពនៃជីវិត។ ស្ទើរតែគ្រប់គ្នាកំពុងតែប្រឹងប្រែងខ្លាំងណាស់។ អ្វីៗទាំងអស់មិនមែនបានមកសមប្រកបតាមការគិត តាមការចង់បាន តាមការស្រមៃឡើយ ប៉ុន្តែវាតាមការអនុវត្តជាក់ស្ដែង។ បើយើងស្ថិតនៅក្នុងទំនាក់ទំនងវាក៏ត្រូវមានទំនួលខុសត្រូវច្រើនណាស់ ដើម្បីធ្វើឱ្យទំនាក់ទំនងនោះស្ថិតនៅបាន ប៉ុន្តែបើអត់មានអ្វីទេ យើងក៏ត្រូវចេះមើលថែខ្លួនឯងឱ្យបានល្អ។

មនុស្សដែលយើងត្រូវតែចំណាយពេលវេលាជាមួយពេញមួយជីវិតគឺជាយើងខ្លួនឯង។ មនុស្សដែលរួមដំណើរជាមួយយើង នៅគ្រប់ស្ថានភាពជីវិតគឺជាយើងខ្លួនឯង។ មនុស្សដែលយើងអាចរំខានបានគ្រប់ពេលគឺជាយើងខ្លួនឯង។ ដូច្នេះហើយទើបត្រូវមើលថែខ្លួនឯងឱ្យបានល្អ។យើងមិនអាចមានទំនាក់ទំនងដ៏រីករាយ ទាំងដែលយើងមិនចេះរីករាយពេលនៅម្នាក់ឯងនោះទេ។ យើងនិយាយជាមួយអ្នកដទៃច្រើនណាស់ យើងស្ដាប់គេក៏ច្រើនណាស់ដែរ។ ប៉ុន្តែតើយើងនៅមានពេលច្រើនប៉ុនណា ដើម្បីនិយាយជាមួយខ្លួនឯង? តើយើងនៅមានពេលច្រើនប៉ុនណាដើម្បីស្ដាប់ខ្លួនឯង? រៀនស្រឡាញ់ខ្លួនឯងជាមុនសិន មុននឹងយើងទៅស្រឡាញ់អ្នកដទៃ ហើយមុននឹងយើងចង់បានការស្រឡាញ់ពីអ្នកដទៃ។

Comments