មានរបស់ខ្លះ យើងស្រឡាញ់ចង់បាន ប៉ុន្តែតម្លៃវាខ្ពស់លើសពីសមត្ថភាពដែលយើងមាន។ របស់ខ្លះ យើងបានត្រឹមឈរសម្លឹងពីចម្ងាយ ហើយញញឹមម្នាក់ឯង បើទោះបីចង់ស្រវាកាន់ក៏មិនហ៊ាន ត្រឹមតែឈរសម្លឹងមើល រួចហើយក៏ដើរចេញទៅ។ ក្នុងចិត្តប្រាថ្នាចង់បាន ប៉ុន្តែសមត្ថភាពរបស់យើងមិនទាន់អាចយកវាបាននៅឡើយ។ មិនមែនរបស់ដែលយើងចង់បាន សុទ្ធតែត្រូវទទួលបាននោះទេ ប៉ុន្ដែយើងក៏មិនត្រូវអស់សង្ឃឹមដែរ ដ្បិតថាបើក្ដីស្រមៃនៅមាន បើទឹកចិត្តនៅតែពុះពារ ក្ដីប្រាថ្នានៅតែមានកម្លាំង យើងក៏នឹងអាចបានវានៅថ្ងៃណាមួយក៏ថាបាន។
យើងមិនមែនកើតមកដើម្បីបញ្ជាក់ប្រាប់ពិភពលោកនេះថា អ្នកនឹងមានជីវិតដ៏ល្អឥតខ្ចោះ មានស្នាមញញឹមដែលមិនចេះរីងស្ងួត មានភាពរឹងមាំដែលមិនចេះទន់ជ្រាយ មានសេចក្ដីសុខដែលគ្មាននរណាប្រៀបស្មើនោះទេ។ ប៉ុន្តែអ្នកកើតមក ដើម្បីឆ្លងកាត់រឿងទាំងអស់នេះដោយការព្រមទទួលយកភាពសមបំណង និងភាពខកបំណង សេចក្ដីសុខ និងសេចក្ដីទុក្ខ ភាពរីករាយ និងសេចក្ដីលំបាកដែលនឹងត្រូវកើតឡើងជាដរាប។
បើសុខមកដល់ ក៏ត្រេកអរនឹងវាទៅ ហើយបើទុក្ខមកដល់ ក៏ប្រឈមមុខដោះស្រាយទៅ។ ជីវិតយើងគ្រប់គ្នាសុទ្ធតែមានបញ្ហាដែលត្រូវប្រឈមដោះស្រាយ មានរឿងដែលត្រូវគិត ហើយគ្រប់យ៉ាងដែលកើតចេញពីការសម្រេចចិត្តរបស់យើង វាត្រូវតែជាការទទួលខុសត្រូវរបស់យើងខ្លួនឯង។ ការដែលព្យាយាមយកជីវិតរបស់យើងទៅឆ្លុះមើលជីវិតអ្នកដទៃ ហើយរស់នៅដោយការប្រៀបធៀបជាប្រចាំ វាមិនបានធ្វើឱ្យមានការប្រសើរអ្វីឡើយ។ យើងចាប់ផ្ដើមនៅចំណុចមួយ អ្នកដទៃចាប់ផ្ដើមនៅចំណុចមួយ ហើយយើងនឹងទៅដល់កន្លែងដែលយើងបានដៅទុកក្នុងចិត្ត ចំណែកអ្នកដទៃគេក៏នឹងទៅដល់កន្លែងរបស់គេដូចគ្នា។

