មនុស្សល្អធម្មតាតែងដើរស្វែងរកមនុស្សល្អពីខាងក្រៅខ្លួន តែមនុស្សល្អដល់ថ្នាក់ស៊ីជម្រៅដឹងថាសេចក្តីល្អតែងនៅក្នុងខ្លួន ហើយក៏ពុំចាំបាច់ដើរស្វែងរកនៅទីណាដែរ។ គ្មានមាគ៌ាឬផ្លូវដើម្បីតម្រង់ទៅរកមនុស្សល្អទេ។ តាមពិត យើងគ្រាន់តែលុបពាក្យ “មាគ៌ា ឬផ្លូវ” ចេញ គឺនឹងជួបមនុស្សល្អហើយ ព្រមទាំងមានតែមនុស្សល្អនៅក្បែរខ្លួនរហូត មិនថាស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណាឡើយ។ តើនរណាជាមនុស្សល្អ?
មនុស្សល្អ គឺជាយើង។ ក្នុងលោកយើងនេះ មានមនុស្សល្អពីរប្រភេទដែលល្អចំពោះយើងពិតប្រាកដ តែមនុស្សល្អទាំងពីរប្រភេទនេះពុំមានវត្តមាននៅរស់ក្នុងផែនដីនេះទៀតឡើយ។ មនុស្សល្អទី១ គឺមនុស្សដែលពុំទាន់កើតនៅឡើយ។ មនុស្សល្អទី២ គឺជាមនុស្សដែលស្លាប់បាត់ទៅហើយ។ ពេលយើងតាំងចិត្តមាំធ្វើជាមនុស្សល្អ យើងនឹងពុំចាំបាច់ដើរនាំតែហត់ស្វែងរកមនុស្សល្អឡើយ។
អ្វីដែលមានក្នុងខ្លួនយើង គឺជាល្បាយនិងជាធាតុផ្សំគ្រប់គ្រាន់ដើម្បីក្លាយទៅជាមនុស្សល្អពិតប្រាកដ។ មនុស្សល្អ បើទោះបីជារស់នៅម្នាក់ឯង ក៏ពុំមានអារម្មណ៍ថាឯកាឡើយ។ មនុស្សល្អរស់ក្រៅប្រព័ន្ធច្បាប់សង្គម រស់នៅក្រៅប្រព័ន្ធសាសនាសង្គម និងរស់នៅក្រៅប្រព័ន្ធវប្បធម៌សង្គម។ សាសនារបស់មនុស្សល្អ គឺជាសាសនានៃសេចក្តីស្រឡាញ់។ មនុស្សល្អប្រើសីលធម៌ជំនួសច្បាប់ (មានច្បាប់ក៏ធ្វើសេចក្តីល្អ ឬគ្មានច្បាប់ក៏នៅតែប្រព្រឹត្តសេចក្តីល្អ)។ ភាសារបស់មនុស្សល្អ គឺជាភាសានៃសេចក្តីមេត្តាករុណាចំពោះអ្នកដទៃ។ កែវភ្នែករបស់មនុស្សល្អ តែងតែសម្លឹងរកមើលចំណុចល្អរបស់អ្នកដទៃ។ បបូរមាត់របស់មនុស្សល្អ តែងតែវាចាពោលពាក្យពីរោះមានន័យទៅកាន់អ្នកដទៃដោយសុទ្ធចិត្ត៕

