មនុស្សប្រុសស្ទើរទាំងអស់ចាប់អារម្មណ៍នឹងមនុស្សស្រីដែលស្រស់ស្អាត តែក៏មានមនុស្សប្រុសមិនច្រើនទេដែលធ្វើឱ្យមនុស្សស្រីធម្មតាម្នាក់ក្លាយជាមនុស្សស្រីដែលស្រស់ស្អាតទាំងរូបសម្បត្ដិ និងផ្ដល់ឱកាសឱ្យនាងទទួលបានការអប់រំ ហើយតែងគាំទ្រចំពោះការអប់រំរបស់មនុស្សស្រីដែលខ្លួនស្រឡាញ់។ ក្នុងវ័យក្មេង បើមានស្នេហាគិតតែពីភាពហ៊ឺហា ឡូយឆាយ ស្អាត លុះដល់វ័យចាស់ក៏លែងមានអ្វីឱ្យស្នេហា និងចាប់អារម្មណ៍ទៀតហើយ។
រូបសម្រស់របស់យើងម្នាក់ៗ មិនថាជាស្រី ឬជាប្រុស គង់តែរង្គោះរង្គើអស់ទៅតាមពេលវេលា តែវិជ្ជា និងចរិយាល្អតែងស្ថិតនៅជានិច្ច។ ក្រៅអំពីកាន់របស់ប្រើប្រាស់ថ្លៃៗ មនុស្សស្រីក្ដី ប្រុសក្ដី គួរកាន់សៀវភៅអាន និងកាន់អត្តចរិតថ្លៃថ្នូរសមសួន ព្រោះរបស់ថ្លៃទាំងនោះគេអាចទិញបានដោយលុយ តែលុយនេះវាមិនអាចធ្វើឱ្យមនុស្សថ្លៃថ្នូរដោយគ្រាន់តែកាន់វានោះទេ។ សំណាងរបស់បុរសគឺរកបានមនុស្សស្រីដែលមានការអប់រំទាំងចរិយាសម្បត្ដិ និងវិជ្ជាសម្បត្ដិ រីឯសំណាងរបស់ស្ត្រីក៏ដូចគ្នាដែរ។
មនុស្សស្រីដែលស្រឡាញ់ការអប់រំគង់នឹងមានសមត្ថភាពផ្ដល់ការអប់រំប្រកបដោយគុណភាពទៅឱ្យកូនៗនៅថ្ងៃអនាគត។ កើតមកជាមនុស្សស្រីដែលមានរូបសម្បត្ដិស្រស់ស្អាតគឺជាសំណាងមួយ (អាចថាសំណាងល្អ ក៏អាចថាសំណាងមិនល្អដែរ) តែបើបន្ថែមចរិយាមារយាទល្អមួយទៀត មនុស្សស្រីនឹងមានភាពថ្លៃថ្នូរខ្ពង់ខ្ពស់ ហើយបើបញ្ចូលការអប់រំបន្ថែមទៀតនោះនាងនឹងក្លាយជាដើមនៃសុភមង្គលក្នុងគ្រួសារ។

