រឿងមួយដែលខ្ញុំស្ដាយជាងគេមិនមែនជារឿងពិសេសចំពោះគេឡើយ។ តែវាហាក់ធំណាស់សម្រាប់បេះដូងរបស់ខ្ញុំ គឺប្រាប់ចម្លើយអ្នកថា ខ្ញុំស្រឡាញ់អ្នក បើទោះជាចម្លើយរបស់អ្នកបែបណាក៏ដោយ។ តែវាមិនដូចជាអ្វីដែលខ្ញុំបានគិតឡើយ ខ្ញុំមិនក្លាហានសោះ ដើម្បីនិយាយវាទៅកាន់អ្នក ហើយរឹតតែភ័យខ្លាចនៅពេលដែលបាត់បង់អ្នក ហើយក៏រឹតតែស្ដាយក្រោយដែលមិនបាននិយាយពាក្យទាំងនេះទៅកាន់អ្នក។
ខ្ញុំកំសាកណាស់មែនទេ ដែលមិនហ៊ានប្រាប់ថា ស្រឡាញ់ទៅកាន់មនុស្សដែលខ្ញុំស្រឡាញ់នោះ?
មែនខ្ញុំកំសាកណាស់ ព្រោះតែខ្លាចបាត់បង់ ខ្លាចបរាជ័យ ខ្លាចមិនអាចរក្សា សូម្បីតែជាមិត្តមែនទេ?
ហេតុអ្វីក៏ក្បត់អារម្មណ៍ទាំងដែលបេះដូងវាចង់ប្រាប់ថា និយាយទៅ។
ពេលខ្លះសំនួរ"ហេតុអ្វី" វាច្រើនពេក ច្រើនរហូតដល់រកចម្លើយមកឱ្យវាលែងបាន ហើយក៏សឹងតែអស់លេសកុហកខ្លួនឯងផងដែរ។
ហេតុអ្វីត្រូវកុហក ចុះបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតអ្នកនោះ គិតថានឹងយកវាទៅជាមួយអ្នក ឬ ក៏ប្រាប់គេថាខ្លួនឯងស្រឡាញ់គេ? អ្នកមិនកំសាកទេដែលមិនហ៊ាននិយាយ តែ អ្នកភ្លេចគិតថាបើស្អែកលែងមានវត្តមានអ្នកនៅត្រង់នេះ អ្ននឹងស្ដាយដែលមិនបានប្រាប់ទៅកាន់មនុស្សដែលអ្នកស្រឡាញ់។
ប្រាប់បើអ្នកស្រឡាញ់ កុំលាក់ហើយក៏មកលួចឈឺនោះ ព្រោះគេមិនបានឃើញទេ!

