ប្រសិនបើយើងនៅមានសេចក្ដីស្រឡាញ់ខ្លះៗចំពោះគេ នៅឡើយ នោះការដែលអាចបាននៅជិតគ្នាវាជារឿងមួយល្អណាស់ ពីព្រោះយើងនៅតែអាចមានឱកាសបានឃើញមុខគេយើងនៅតែអាចដឹងថា ថ្ងៃនេះគេស្លៀកពាក់សម្លៀកបំពាក់បែបណា? សុខទុក្ខគេដូចម្ដេចដែរ? ប៉ុន្តែប្រសិនបើយើងអស់ចិត្តស្រឡាញ់ទៅហើយ តើការចួបមុខគ្នានឹងមានអ្វីជាឧបសគ្គទៀត? យើងនឹងរាប់អានគ្នាធម្មតាៗ គឺមិត្តរួមការងារ ឬមិត្តរួមថ្នាក់ធម្មតា បែបនេះគឺវាល្អណាស់។ បញ្ហាគ្រប់យ៉ាងមិនស្មុគស្មាញខ្លាំង ដូចការឆ្លើយតបដែលយើងមានចំពោះបញ្ហានោះទេ។ ដរាបណាយើងមិនបានកំណត់យកវាមកធ្វើជាបញ្ហាទេ វាក៏នឹងមិនអាចក្លាយជាបញ្ហាសម្រាប់យើងឡើយ។ នៅពេលដែលយើងអាចអានពាក្យទាំងអស់នេះបាន វាក៏មានន័យថាយើងគឺជាមនុស្សដែលធំៗអស់ហើយ ។
យើងគួរតែអាចរៀនពីការគ្រប់គ្រងចិត្តរបស់យើងឱ្យបានល្អប្រសើរជាងមុនដោយខ្លួនឯង។ ចួបមុខគ្នាមិនមែនជាបញ្ហាទេ បញ្ហានៅត្រង់យើងមិនចង់ចួបមុខ។ ប៉ុន្តែអ្វីជាមូលហេតុដែលធ្វើឱ្យយើងមិនចង់ចួបមុខគេ? យើងត្រូវតែរៀនបង្កើតសំណួរ ដើម្បីរកហេតុផលត្រឹមត្រូវ ពីព្រោះជីវិតយើងនឹងរស់នៅជាមួយហេតុផល។ កាលណាយើងចេះស្វែងរកពីហេតុផលដើម្បីរស់នៅបានល្អ នោះជីវិតយើងនឹងមិនសប្បាយភ្លើតភ្លើនពេក ហើយក៏មិនទុក្ខសោកច្រើនពេកនោះឡើយ។

