ផ្ការាជ្យព្រឹក្សត្រូវរង់ចាំរហូតដល់រយៈពេល១ឆ្នាំដើម្បីអាចរីកម្ដងទៀត ហើយឈើទាំងឡាយត្រូវចំណាយពេលលូតលាស់រាប់ឆ្នាំទម្រាំវាអាចចេញផ្កា និងមានផ្លែ។ ស្ត្រីមានផ្ទៃពោះ ត្រូវរង់ចាំរហូតដល់៩ខែ ១០ថ្ងៃ ដើម្បីបានឃើញមុខកូនរបស់ខ្លួន។ ទារកត្រូវចំណាយពេលយ៉ាងតិចណាស់៣ខែកន្លះ ដើម្បីអាចចេះក្រឡាប់។
តើមានអ្វីដែលយើងអាចយកបានដោយគ្មានការអត់ធ្មត់ និងការរង់ចាំរហូតដល់ពេលវេលាមួយមកដល់? នេះជាដំណើរការរបស់ច្បាប់ធម្មជាតិ។ ការពិតទៅធម្មជាតិវាមិនប្រញាប់ប្រញាល់ និងមិនតឹងតែងឡើយ ប៉ុន្តែបើយើងកាន់តែប្រញាប់ប្រញាល់មុនពេលវេលាមកដល់ គឺយើងនឹងមានអារម្មណ៍តានតឹងខ្លាំងណាស់។
យើងដឹងថា បើយើងចង់ធ្វើដំណើរទៅកាន់កន្លែងមួយដែលមានចម្ងាយរាប់ពាន់ម៉ឺនគីឡូម៉ែត្រ យើងប្រាកដជាអាចទៅដល់ដោយមធ្យោបាយផ្សេងៗ ប៉ុន្តែបើយើងចង់ទៅដល់ដោយប្រើពេលតែ១ដង្ហើម វាជារឿងដែលមិនអាចទៅរួច។ គ្រប់គោលដៅដែលយើងចង់សម្រេចបាន ភាគច្រើនគឺសុទ្ធតែអាចទៅរួច ប៉ុន្តែវាមិនអាចទៅរួចក្នុងពេលមួយដង្ហើមឡើយ។
យើងគ្រប់គ្នានឹងមានបទពិសោធជីវិតនៅពេលដែលយើងបានឆ្លងកាត់ការពិសោធ។ យើងនឹងក្លាយទៅជាមនុស្សដែលរឹងមាំដោយឆ្លងកាត់ការលំបាក និងក្ដីឈឺចាប់រាប់មិនអស់។ មនុស្សភាគច្រើនគឺប្រញាប់ប្រញាល់ចង់បានលទ្ធផល ទាំងដែលខ្លួនមិនព្រមចាប់ផ្ដើមធ្វើអ្វីបន្ដិចសោះ។ ការដាំដុះនៅថ្ងៃនេះនឹងទទួលបានផលនៅថ្ងៃក្រោយ ប៉ុន្តែមិនមែនថ្ងៃស្អែកឡើយ។ បើយើងដាក់បណ្ដុះស្វាយមួយគ្រាប់នៅថ្ងៃនេះ ថ្ងៃស្អែកយើងនឹងទទួលបានគ្រាប់ស្វាយសើមនៅក្នុងដី។ ភាពអន្ទះអន្ទែងរបស់យើងគឺជាហេតុដែលធ្វើឲ្យយើងប្រឆាំងនឹងធម្មជាតិ ហើយភាពឈឺចាប់របស់យើងគឺជាទណ្ឌកម្មដែលធម្មជាតិឆ្លើយតបត្រលប់មកវិញ។
គ្មានកិច្ចការល្អណាមួយដែលមិនត្រូវបានធ្វើដោយការយកចិត្តទុកដាក់ និងការអត់ធ្មត់ទេ។ មនុស្សដែលខ្វះចិត្តអំណត់អត់ធ្មត់រមែងមិនអាចសម្រេចបានលទ្ធផលល្អលើការងារដែលខ្លួនកំពុងតែបំពេញធ្វើឡើយ។ ពេលវេលាដែលត្រូវប្រើដើម្បីនិយាយរៀបរាប់អំពីភាពជោគជ័យលើអ្វីដែលសម្រេចបានមកហើយនោះ វាមិនយូរទេ គឺមិនយូរដូចជាពេលវេលាដែលយើងឆ្លងកាត់ការបរាជ័យម្ដងហើយម្ដងទៀត រួចហើយប្រឹងក្រោកឡើងវិញច្រើនលើកច្រើនសានោះទេ។

