#សត្រូវពិតគឺខ្លួនឯង

S
samrith
រឿងដែលពិបាកបំផុតគឺការស្គាល់ខ្លួនឯង។ មនុស្សល្ងង់មានខ្លួនឯងជាសត្រូវព្រោះមិនស្គាល់ខ្លួនឯង មានអ្នកដទៃជាសត្រូវ ព្រោះគំនិតវិនិច្ឆយអ្នកដទៃផ្ដេសផ្ដាស។ “បុគ្គលដែលយល់ពីស្ថានភាពអ្នកដទៃ គឺនឹងមិនវិនិច្ឆយផ្តេសផ្តាស តែបុគ្គលដែលចូលចិត្តវិនិច្ឆយផ្តេសផ្តាស គឺគេហៅថា “មិនយល់”។ យល់ពីគេ យល់ពីខ្លួនឯង នឹងនាំមកនូវការវាយតម្លៃត្រឹមត្រូវ។ យល់តែពីគេ តែមិនយល់ពីខ្លួនឯង នឹងតែងនាំទុក្ខដល់ខ្លួន។ យល់តែពីខ្លួនឯង តែមិនយល់ពីគេឯង នឹងនាំមកនូវទំនាស់ដល់ខ្លួនឯង។
ពេលយើងនៅជិតអ្នកដែលទាប មានមនុស្សជាច្រើននឹងវាយតម្លៃថាយើងខ្ពស់ តែនៅពេលដែលយើងឈរជិតមនុស្សខ្ពស់ មនុស្សគ្រប់គ្នាថាប្រាកដជាវាយតម្លៃថាយើងទាប តែយើងគប្បីត្រូវមានសតិដឹងថាយើងនៅតែមានកម្ពស់ប៉ុនណា។ តើប៉ុនណា ទើបកម្ពស់ពិតរបស់យើង។ មនុស្សស្គាល់ខ្លួនឯងច្បាស់ គង់នឹងមិនចេះវង្វេងតាមមាត់។ យើងមិនអាចហាមអ្នកដទៃមិនឱ្យវិនិច្ឆយយើងវាយតម្លៃ ឬលាបពណ៌យើងទៅជាបែបនេះឬបែបនោះ ឬសរសើរយើងថាបែបនេះឬបែបនោះ តែយើងត្រូវដឹងថាតម្លៃរបស់យើងមិនឡើងចុះ ទៅតាមអ្វីដែលអ្នកដទៃគិត អ្នកដទៃនិយាយនោះទេ។
អ្នកដទៃមិនអាចយកចិត្ត ឬការគិត ការយល់ឃើញរបស់ពួកគេយកមកថ្លឹង ឬពាល់ចិត្តរបស់យើងត្រូវឡើយ ហើយយើងមិនត្រូវខឹង ឬមានគំនិតចង់ទៅតបតវាយប្រហារជាមួយសម្ដីទាំងនោះនោះដែរ តែយើងត្រូវឈ្វេងយល់ ព្រោះកាលណាពួកគេកំពុងនិយាយមិនពិត គឺកំពុងបំផ្លាញខ្លួនឯងទៅវិញទេ។ ពេលវេលានឹងបញ្ជាក់ការពិតឱ្យគ្រប់គ្នាបានឃើញ។ ពេលខ្លះ បើយើងជាមនុស្សស្គាល់ខ្លួនឯងពិត យើងនឹងមិនចំណាយពេលប្រតិកម្មចំពោះអ្នកដទៃច្រើនជាងការចំណាយពេលមកធ្វើការគ្រប់គ្រងចិត្តរបស់ខ្លួនឯងនោះដែរ។
 

Comments