“ចេះពេញចិត្តជាមួយផ្លែផ្កាជីវិត”

S
samrith
មនុស្សភាគច្រើន មិនសូវចេះពេញចិត្តជាមួយលទ្ធផលជីវិតដែលខ្លួនខំប្រឹងប្រែងបានមកដោយលំបាកនោះទេ ព្រោះគេរវល់តែយកលទ្ធផលរបស់ខ្លួនទៅប្រៀបធៀបនឹងលទ្ធផលជីវិតរបស់អ្នកដទៃទៅវិញ។ ហើយចួនកាល អ្នកដទៃលើសយើងតែបន្ដិចប៉ុណ្ណោះ តែវាធ្វើឱ្យយើងមិនសប្បាយចិត្ត អន់ចិត្ត បន្ទោសខ្លួនឯង ហើយចំបែងចិត្តរាប់ខែក៏មាន។

បើយើងចាប់ផ្ដើមពីចំណុចលេខ០ ហើយពេលនេះបានដើរមកដល់ចំណុចលេខ៧ យើងគួរតែមានអារម្មណ៍ពេញចិត្ត និងគប្បីជាមួយការប្រឹងប្រែងរបស់យើង ប៉ុន្តែខ្ញុំឃើញអ្នកខ្លះបានមើលរំលងចំណុចនេះ ហើយបែរជាកើតទុក្ខមិនសុខចិត្តនឹងលេខ៩ដែលអ្នកដទៃកំពុងឈរ ទាំងដែលការពិតទៅ អ្នកដទៃគេចេញដំណើរពីលេខ៦ មិនមែនពីលេខ០ដូចយើងផង។ ជីវិតអ្នកខ្លះកើតមកមានសំណាង ដ្បិតមានឪពុកម្ដាយ បងប្អូន ឬសាច់ញាតិ ជំរុញ លើកទឹកចិត្ត ផ្ចុងផ្ដើមទំនុកបម្រុង ត្រួសត្រាយផ្លូវជីវិតឱ្យរួចជាស្រេច។ ឯចំណែកអ្នកខ្លះទៀត កើតមកឥតសំណាង ក៏ប៉ះចំគ្រួសារមហាសែនយ៉ាប់។ ជីវភាពលំបាក រកព្រឹកខ្វះល្ងាច ឪពុកប្រមឹក លេងល្បែង ប្រើអំពើហិង្សា គ្រួសារមិនស្គាល់ពីតម្លៃនៃចំណេះដឹង ឬការអប់រំ តែងបង្ខំដាក់សម្ពាធផ្លូវចិត្តឱ្យកូនបោះបង់ចោលសាលារៀន ហើយទៅចាប់កាន់ចប កាន់នង្គ័ល រនាស់ គោ ក្របី ធ្វើស្រែចម្ការ រកពេលផ្តោតលើការសិក្សាមិនបាន។ យូរៗទៅ គ្នាក៏ទម្លាក់ចោលក្ដីស្រមៃរបស់ខ្លួនដែលចង់រៀនសូត្រនោះចោល ហើយប្រើជីវិតក្រោមកម្ដៅថ្ងៃធ្វើការដោយកម្លាំងរាប់ឆ្នាំក៏មាន។ ប៉ុន្តែអ្នកខ្លះទៀត ទោះបីជីវិតត្រូវលំបាកប៉ុណ្ណេះ ឬលើសនេះទ្វេដង ក៏នៅមានការតាំងចិត្តមុតមាំ ហែលឆ្លងពុះពារ ស្រវារកវិជ្ជា ក្រេបយកចំណេះ សាងចរិតមារយាទថ្លៃថ្នូរដែលសង្គមឱ្យតម្លៃ ច្នៃខ្លួនជាគ្រាប់ពេជ្រដ៏មានតម្លៃដែលអ្នកដទៃស្រមៃចង់បាន។

បើយើងបានពុះពារពីចំណុច០ ហើយដើរមកដល់ចំណុចលេខ៧ ទោះវាមិនខ្ពស់ដូចអ្នកដទៃ តែសម្រាប់យើងវាជាដំណើរដ៏ហត់នឿយ និងវែងឆ្ងាយណាស់។ នៅលើផ្លូវដ៏លំបាកនោះ យើងបានតស៊ូយកឈ្នះដោយចិត្តអំណត់ ចិត្តប្រឹងប្រែងក្រាញននៀល ចិត្តដែលមិនងាយបោះបង់ ចិត្តដែលមិនគ្រាន់តែឈឺចាប់ តែឈឺចាប់ជាមួយនឹងការជម្នះទៅមុខ ចុះហេតុអ្វីបានជាយើងត្រូវបាក់ទឹកចិត្តនឹងលទ្ធផលចុងក្រោយដែលយើងយកទៅប្រៀបនឹងអ្នកដទៃទៅវិញ? ចូរមានអារម្មណ៍គប្បីជាមួយនឹងការប្រឹងប្រែងរបស់យើង បន្ថយចិត្តច្រណែនចង់ឈ្នះអ្នកដទៃ រក្សាតែចិត្តចង់ឈ្នះលើបញ្ហាជីវិតដែលយើងត្រូវប្រឈមឆ្លងកាត់ទៅគឺបានហើយ។

មនុស្សគ្រប់គ្នាបោះជំហាននៅលើវិថីជីវិតរបស់គេរៀងខ្លួន។ យើងដើរលើផ្លូវរបស់យើង បញ្ហា ឬឧបសគ្គធំតូច យើងជាអ្នកជួប ហើយយើងជាអ្នកតស៊ូជាមួយវាដោយខ្លួនឯង ចំណែកឯអ្នកដទៃ គេក៏មានបញ្ហា និងឧបសគ្គរបស់គេដែលត្រូវយកឈ្នះដូចគ្នា។ គេមើលឃើញយើង ឯយើងសម្លឹងមើលឃើញគេ តែម្នាក់ៗឥតបានដឹងទេថានៅពីក្រោយលទ្ធផល ឬសមិទ្ធផលអស្ចារ្យណាមួយដែលគេទទួលបាន តើត្រូវឆ្លងកាត់ភាពល្វីងជូរចត់កម្រិតណា? រៀនរស់នៅជាមួយខ្លួនឯង ទទួលយកការពិតពីជីវិតរបស់ខ្លួន ហើយរៀនពេញចិត្តនឹងលទ្ធផលនៃជីវិតដែលខ្លួនបានប្រឹងប្រែងមកយ៉ាងលំបាក តែក៏កុំភ្លេចក្នុងការគោរពពីតម្លៃរបស់អ្នកដទៃ ចំពោះការខិតខំប្រឹងប្រែងរបស់គេ។ ជំនួសឱ្យការច្រណែនឈ្នានីសនឹងជីវិតអ្នកដទៃ គឺយើងត្រូវត្រេកអរជាមួយការខិតខំរបស់គេកន្លងមក។

Comments