អ្នកក្រហើយខ្ជិល គឺបានក្រនៅជាមួយខ្លួនពេញមួយជីវិត។ អ្នកខ្ជិលហើយអត់ចេះ គឺគ្មានចំណេះនៅនឹងខ្លួនពេញមួយជីវិត។ យើងឃើញដំរីជុះ ក៏ជុះតាមដំរី ដែលការណ៍នេះជាកំហុសឆ្គងនៃអ្នកមានឆន្ទៈ។ សង្គមយើងសព្វថ្ងៃនេះ គឺហាក់បីដូចជាច្រឡំអត្តសញ្ញាណវប្បធម៌ មិនដឹងថាខ្លួនជានរណា គួររស់នៅក្នុងសង្គមខ្លួនតាមរបៀបណាទើបត្រឹមត្រូវ ហើយចេះតែយកវប្បធម៌ដទៃមកលាយឡំឥតពិចារណា ជាពិសេសយុវជនក្មេងៗ។
មនុស្សយើង បើមិនស្គាល់ខ្លួនឯងទេ រមែងធ្វើតាមអ្នកដទៃរហូតបាត់ភាពជាខ្លួនឯង ដូចជាចម្លងរបៀបនិយាយស្តី ចម្លងអត្តចរិត ចម្លងកាយវិការ ចម្លងអ្វីមកលុបភាពជាខ្លួនឯង។ ការណ៍នេះ គឺប្រៀបដូចសង្គមមួយដែលមនុស្សគ្មានចំណេះដឹងលើវប្បធម៌ខ្លួន ហើយពុំមានធុងចម្រោះបន្សុទ្ធវប្បធម៌ដល់យុវជនអ៊ីចឹង។ ម្តងម្កាល យើងស្ទើរតែបាត់ភាពជាខ្មែរ ដូចជាចូលចិត្តបរទេសច្រើនជាង ហើយសម្ញែងខ្លួនឱ្យដូចជនបរទេស។

