ថ្ងៃដែលហត់នឿយ ពេលគេងក៏គេងមិនចង់ក្រោក ហើយពេលក្រោកក៏ក្រោកទាំងមិនដឹងថាត្រូវធ្វើអ្វី។ ជីវិតពេលខ្លះគឺហត់នឿយយកតែមែនទែន ហើយអ្នកខ្លះក៏រកមូលហេតុនៃភាពហត់នឿយនេះមិនឃើញ។ តើយើងចេះតែបណ្ដែតបណ្ដោយឱ្យខ្លួនឯងដេកត្រាំត្រែងនៅក្នុងសភាពហត់នឿយអីុចឹងបន្តទៀតទៅឬ? ៣៦៥ថ្ងៃ មិនមែនសុទ្ធតែជាថ្ងៃដែលកាយនេះពោរពេញដោយថាមពលទេ។ ទោះអាយុក្មេង ឬចាស់ បើជីវិតបណ្ដែតបណ្ដោយ តែលតោល ខ្វះគោលបំណង ខ្វះគោលដៅ ទោះទទួលទានអាហារបានច្រើនម្ដេចក្ដី ក៏នៅតែគ្មានកម្លាំងកំហែង។ យប់ខ្លះប្រឹងបិទភ្នែកគេងក៏គេងមិនលក់ ថ្ងៃខ្លះដល់ម៉ោងក្រោកពីគេងហើយក៏នៅតែបន្តបិទភ្នែក បើដូច្នេះតើរំពឹងអ្វីកើត? បើនិយាយឱ្យស្រួលទៅ អាហារដែលបរិភោគទៅនេះវាផ្ដល់ថាមពលឱ្យរាងកាយ តែថាមពលចិត្តនេះបើវាខ្វះហើយ ធ្វើអ្វីក៏ពិបាក សម្រេចអ្វី គិតអ្វីក៏មិនចេញដែរ។
មែនទែនទៅ បើមានកម្លាំងចិត្តតែម្យ៉ាង វាដូចជាមានគ្រប់យ៉ាងអីុចឹង ហើយបើអស់កម្លាំងចិត្តមួយហើយ វាដូចអស់គ្រប់យ៉ាង។ ជីវិតនេះសាងឡើងពីចិត្តនេះឯង។ បើថាមពលចិត្តវិជ្ជមានមានច្រើន លទ្ធផលនៃជីវិតនេះក៏ភ្លឺថ្លាច្រើនទៅតាមហ្នឹង តែបើពន្លឺនៃចិត្តវិជ្ជមានថយចុះទៅ នោះលទ្ធផលអវិជ្ជមានជាច្រើនក៏ចូលមកជាហូរហែ។ តើយកអ្វីមកជំរុញជីវិតឱ្យដើរទៅមុខ? គឺគ្មានអ្វីក្រៅពីគំនិតនេះទេ ចុះបើគំនិតវាអស់ថាមពល តើយកអ្វីមករុញ? គឺបង្កើតថាមពលឱ្យគំនិតទៅ។
តើនរណាដែលរងការឈឺចាប់ជាងគេ? គ្មាននរណាទេ គឺមនុស្សដែលចេះតែគិតថាខ្លួនខ្វះនូវសេចក្ដីស្រឡាញ់នោះឯង។ ប៉ុន្តែ បើគិតឱ្យយូរបន្ដិចទៅក៏ឃើញថា អ្នកដែលយល់ថាខ្លួនខ្វះសេចក្ដីស្រឡាញ់ពីអ្នកដទៃ គឺអ្នកដែលខ្វះសេចក្ដីស្រឡាញ់ឱ្យខ្លួនឯង។ ព្រោះថាបើសូម្បីតែយើងខ្លួនឯងដែលរស់នៅជាមួយខ្លួនឯងពេញមួយជីវិតទៅហើយ ក៏នៅតែមិនអាចស្រឡាញ់ខ្លួនឯងឱ្យពេញលេញផង តើចង់ឱ្យនរណាគេមកស្រឡាញ់យើង?
ហត់គឺហត់ហើយ តែត្រូវរកពេលសម្រាក។ សម្រាកបន្ដិចហើយគិតថយក្រោយបន្ដិច មុននឹងបន្តដំណើរទៅមុខទៀត។ ជីវិតមិនអាចបកក្រោយមែន តែអាចគិតថយក្រោយបន្ដិចបាន។
បើសួរថាយើងសុខចិត្តបោះបង់ថ្ងៃនេះចោលមួយថ្ងៃទៀត ដើម្បីតែផ្ដេកផ្ដួលខ្លួនជាមួយអតីតកាលឬយ៉ាងណា? ឬក៏សុខចិត្តហត់នឿយថ្ងៃនេះបន្ដិច ដើម្បីដើរទៅមុខ និងចួបថ្ងៃស្អែកដែលយើងរង់ចាំ? អតីតកាលចាស់ផ្លាស់មិនបាន តែកុំភ្លេចថាយើងអាចបង្កើតអតីតកាលថ្មីបានឱ្យ។ ម្សិលមិញយើងផ្លាស់ប្ដូរមិនបាន យើងគ្រប់គ្រងថ្ងៃស្អែកមិនបាន តែយើងអាចប្រើប្រាស់ថ្ងៃនេះឱ្យល្អបាន។ ដូច្នេះ សម្រេចចិត្តទៅ ថាយើងត្រូវរស់នៅថ្ងៃនេះឱ្យល្អជាងម្សិលមិញ ឬសុខចិត្តឈឺចាប់នៅថ្ងៃស្អែកដោយសារសោកស្ដាយថ្ងៃនេះ?

