ព្រះពុទ្ធសម្តែងថា “បណ្ឌិតជនគង់នឹងឥតរំភើបនឹងពាក្យសរសើរ ឬញាប់ញ័រអន់ចិត្តនឹងពាក្យរិះគន់ ប្រៀបដូចនឹងភ្នំថ្មតាន់មិនញាប់ញ័រ ពីព្រោះតែខ្យល់ធំ”។
បុរាណខ្មែរពោលថា “អណ្ដាតជាអាទិ៍កន្លង សុខផងទុក្ខផង ក៏ព្រោះតែអណ្តាត”។ យើងអាចសុខឬទុក្ខពីព្រោះតែអណ្តាតដែលក្រលាស់ទៅកាន់អ្នកដទៃ ហើយអ្នកដទៃអាចធ្វើឱ្យយើងសុខឬទុក្ខ ក៏ពីព្រោះតែអណ្តាតដូចគ្នាដែរ។ មនុស្សដែលស្គាល់ខ្លួនឯងច្បាស់ ប្រើជីវិតរស់នៅសុខឬទុក្ខ ដោយម្ចាស់ការលើខ្លួនឯង។
ពេលខ្លះ មនុស្សដែលតែងតែពេញចិត្តនឹងការសរសើរជ្រុលពេក គង់នឹងមានអំនួតខ្លួន ហើយមនុស្សដែលខឹងសម្បានឹងការរិះគន់ខ្លាំងពេក គង់នឹងត្រូវក្អួតឈាមស្លាប់។ មានតែជីវិតដែលស្គាល់ពីខ្លួនឯងច្បាស់ទេ ទើបជាជីវិតដែលរស់នៅមានសេចក្តីសុខបំផុត។ បុគ្គលដែលអាចគ្រប់គ្រងការសរសើរ និងការរិះគន់របស់អ្នកដទៃបាន គឺជាមនុស្សដែលអាចរៀនសូត្របានច្រើនបំផុត ហើយឥតដែលភ្លេចខ្លួនឡើយ។

