កើតអីហ្នឹង? នៅពេលដែលអ្នកមានទឹកមុខក្រៀមស្រពោន មនុស្សនៅក្បែរខ្លួនក៏សួរអ្នកបែបនេះ! តើគេពិតជាខ្វល់ខ្វាយនឹងអ្នកមែនទេ? អត់ទេ! គេខ្វល់ពីអារម្មណ៍របស់គេតែប៉ុននោះ ព្រោះទឹកមុខរបស់អ្នកបានជះឥទ្ធិពល ធ្វើឱ្យអារម្មណ៍របស់គេមិនល្អ។ មូលហេតុដែលគេសួរនាំអ្នក គឺគ្រាន់តែចង់ឱ្យអ្នកប្រាប់គេថា អ្នកមិនអីទេ នោះក៏ធ្វើឱ្យគេបានធូរចិត្តវិញ។
ខ្ញុំធ្លាប់ឆ្លើយត្រង់ពីអារម្មណ៍ខាងក្នុងទៅគេថា ខ្ញុំមិនសប្បាយចិត្ត ជាពេលដែលខ្ញុំអាចមើលឃើញនូវទឹកមុខរបស់គេយ៉ាងច្បាស់ថា គេធុញនឹងខ្ញុំ។ ប្រសិនបើអ្នកព្រមបង្ហាញភាពស្មោះត្រង់ទៅកាន់ពួកគេ អ្នកប្រហែលជាអាចទទួលនូវការច្រានរូបអ្នកចោលជាបន្តបន្ទាប់។ មិនងាយនឹងរកបានទេ មនុស្សដែលដឹងថាអ្នកកើតទុក្ខហើយ ក៏នៅតែចង់កំដរអ្នក ឬព្យាយាមជួយស្រោចស្រង់អ្នកមកវិញនោះ។ ដូចច្នោះហើយ អ្នកត្រូវតែរឹងមាំ ដើម្បីអាចជួយស្រោចស្រង់ខ្លួនឯង នៅរាល់ពេលធ្លាក់ទឹកចិត្ត។ ទោះជាយ៉ាងណា កុំភ្លេចនឹងបង្ហាញភាពស្មោះត្រង់ថា អ្នកមានអារម្មណ៍បែបណា ព្រោះចួនកាលអ្នកក៏អាចបានជួបនឹងមនុស្សដែលខ្វល់ខ្វាយចំពោះអ្នកពិតប្រាកដផងដែរ។

