#គ្រប់យ៉ាងនឹងប្រសើរឡើង

S
samrith
គ្រប់ស្ថានភាពដែលកំពុងជួបប្រទះ វាជាអ្វីមួយដែលជីវិតកំពុងតែព្យាយាមបង្រៀនដល់យើង។ ថ្ងៃណាមួយខាងមុខ យើងនឹងនិយាយអរគុណសម្រាប់ការលំបាកទាំងអស់ដែលយើងបានជួបនៅថ្ងៃនេះ។ មានបញ្ហាច្រើនណាស់ដែលយើងនឹងត្រូវជួប ហើយក៏សម្រេចចិត្ត។
ជួនកាលវាជាពេលដែលឧបសគ្គរត់មកពីក្រោយ ហើយមកដល់ផ្លូវបំបែកមួយដែលយើងត្រូវជ្រើសរើស។ បើយើងស្គាល់ថាត្រូវដើរទៅផ្លូវណាមួយ វាមិនពិបាកទេ​ តែដែលពិបាកផ្លូវដែលយើងត្រូវជ្រើសរើសនេះ វាសុទ្ធតែជាផ្លូវដែលយើងឥតស្គាល់ ឥតដឹងថានឹងមានអ្វីនៅខាងមុខទៀតឬអត់។ រឿងដែលយើងមិនដឹងថា តើវាកើតឡើងនៅពេលណា ធំធេងប៉ុនណានោះវាមិនមែនជារឿងដែលត្រូវយកចិត្តទុកដាក់ពេកទេ តែដែលសំខាន់នោះគឺថាត្រូវត្រឡប់មកយកចិត្តទុកដាក់ជាមួយនឹងការគិតរបស់យើងវិញ។
យើងមិនបាច់ខ្លាចថាយើងនឹងសម្រេចចិត្តខុស ឬក៏ត្រឹមត្រូវនោះទេ តែដែលសំខាន់នោះគឺយើងត្រៀមខ្លួនសម្រាប់ការទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់យើងទៅគឺគ្រប់គ្រាន់ហើយ។ មនុស្សភាគច្រើនចង់មានចំណែកនៅក្នុងការសម្រេចចិត្តរបស់យើង ប៉ុន្តែអត់មាននរណាចង់ចូលរួមចំណែកក្នុងការដោះស្រាយនូវបញ្ហាដែលយើងបង្កើតឡើងនោះទេ។ ចង់មិនចង់ ក៏នៅទីបំផុតយើងខ្លួនឯងនៅតែជាអ្នកដែលត្រូវទទួលដោះស្រាយវាដដែលហ្នឹង។ អ៊ីចឹងហើយ កិច្ចការចាំបាច់ខ្លះ យើងចាំបាច់ត្រូវតែហ៊ានសម្រេចចិត្តធ្វើវា។

Comments