មិនថាជីវិតបានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ ប៉ុន្តែគ្រប់រឿងដែលខ្ញុំបានចួបប្រទះ និងបានឆ្លងកាត់មក វាបានក្លាយជាអ្នកដែលជូនដំណើរខ្ញុំមកដល់ទីនេះ ហើយខ្ញុំពិតជាសូមអរគុណយ៉ាងក្រៃលែងចំពោះរឿងអស់ទាំងនោះ។ អរគុណដល់មនុស្សជាច្រើនដែលខ្ញុំមិនអាចរៀបរាប់ឈ្មោះឱ្យអស់បាន។ អ្នកខ្លះបានក្លាយជាចំណែកនៃមេរៀនជីវិតដ៏មានតម្លៃ អ្នកខ្លះបានជួយជ្រោមជ្រែង លើកទឹកចិត្ត និងផ្ដល់រង្វង់ដៃដ៏កក់ក្ដៅពេលខ្ញុំជួបទុក្ខលំបាក។ សូមអរគុណដល់ថ្ងៃជាច្រើនដែលខ្ញុំបានឆ្លងកាត់មកទល់នឹងថ្ងៃនេះ។
អរគុណចំពោះគ្រប់យ៉ាងដែលបានក្លាយជាចំណែកនៃជីវិតខ្ញុំ។ មនុស្សខ្លះបានចាកចេញទៅវិញដោយទុកមេរៀនមានតម្លៃ និងមនុស្សខ្លះទៀតបានចាកចេញដោយបន្សល់នូវការចងចាំដ៏មានន័យ។ ខ្ញុំមិនអាចស្រមៃឃើញជីវិតនៅថ្ងៃនេះ ដោយពុំមានចំណែកនៃមនុស្សទាំងអស់ដែលខ្ញុំបានជួប និងបានស្គាល់នោះឡើយ។ ដោយសេចក្ដីគោរព ស្រឡាញ់ រាប់អាន ពីចម្ងាយ។
គ្មាននរណាព្រមជឿលើយើងតាំងពីដំបូងនោះឡើយ ប៉ុន្តែប្រសិនបើយើងដាក់ជំនឿចិត្តលើខ្លួនឯងដោយមិនបោះបង់ចោល ថ្ងៃណាមួយយើងក៏នឹងអាចធ្វើឱ្យគេជឿលើយើងដូចគ្នា។
មនុស្សជាច្រើនអាចមិនជឿលើក្ដីស្រមៃរបស់យើង រាប់ទាំងមនុស្សដែលយើងស្រឡាញ់ផងដែរ ប៉ុន្តែពួកគេនឹងជឿនៅពេលដែលយើងសម្រេចជោគជ័យលើក្ដីស្រមៃរបស់យើង ហើយបង្ហាញលទ្ធផលដែលយើងសម្រេចបាននោះឱ្យគេបានឃើញ។ បើគ្មាននរណាផ្ដល់កម្លាំងចិត្តឱ្យទេ ចូរផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង ព្រោះមានតែខ្លួនយើងនេះហើយ ដែលបានឆ្លងកាត់រឿងគ្រប់យ៉ាងជាមួយគ្នា។

