គិតយ៉ាងណា បើគេស្អប់យើង? ដំបូងត្រូវយល់ឱ្យបានថា អ្នកណាជាអ្នកស្អប់? ជាអ្នកដទៃ តើមែនទេ? បើជាអ្នកដទៃ តើយើងអាចធ្វើអ្វីបាន? យើងធ្វើបានត្រឹមតែរក្សាចិត្តខ្លួនឯងកុំឱ្យស្អប់គេវិញតែប៉ុណ្ណោះ។ មិនមែនមិនឱ្យយើងគិតពីមូលហេតុដែលគេស្អប់យើងនោះទេ ពោលបើគេស្អប់យើង ដោយសារតែយើងធ្វើខុស យើងត្រូវសុំទោស តែបើគេស្អប់យើង ដោយសារតែយើងធ្វើត្រូវ វាគឺជាកំហុសរបស់គេតែប៉ុណ្ណោះ។
បើយើងនៅតែកើតទុក្ខនឹងរឿងគេស្អប់ អាចមកពីយើងមិនទុកចិត្តថាខ្លួនឯងធ្វើត្រូវ។ ត្រូវស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់ រៀនស្មោះត្រង់ រៀនទទួលយក ដើម្បីក្លាយជាមនុស្សរឹងមាំ។ ជាការពិត អ្នកណាដែលបង្កើតការស្អប់ អ្នកនោះនឹងរងទុក្ខ។ ហេតុនេះ ចូរអាណិតមេត្តាដល់អ្នកដែលស្អប់យើង ព្រោះគេកំពុងតែដុតភ្លើងក្នុងខ្លួនរបស់គេហើយ។ ប៉ុន្តែបើសិនជាយើងមិនយល់ពីរឿងនេះ រួចទៅខឹងស្អប់តបគេវិញ នោះយើងក៏រងទុក្ខដូចគ្នានឹងបុគ្គលនោះដែរ។

