#ដើរទៅមុខជាមួយគ្នា

S
samrith
បើយើងចេះអត់ធ្មត់ យើងនឹងឈ្នះនៅក្នុងសេចក្ដី ស្រឡាញ់ និងឈ្នះចំពោះការសាកល្បងក្នុងក្ដីស្រឡាញ់ ហើយអ្នកឈ្នះគឺអ្នកដែលអាចបញ្ជាក់ពីភក្ដីភាពនៃក្ដីស្រឡាញ់ពិត។ ភាពអំណត់ក្នុងសេចក្ដីស្រឡាញ់ វាគឺជាភស្ដុតាងដែលបញ្ជាក់ពីភាពរឹងមាំក្នុងទំនាក់ទំនង។ មាសនឹងនៅតែជាមាស ទោះជាធ្លាក់ទៅក្នុងភ្លើង ឬក៏ក្នុងភក់ក៏ដោយ។
មួយរយៈពេលកន្លងមកនេះ ខ្ញុំបានឆ្លងកាត់ការសាកល្បងយ៉ាងច្រើន ហើយខ្ញុំគ្រាន់តែបានដឹង និងរៀនសូត្រខ្លះៗពីក្ដីស្រឡាញ់ “កាលណាជីវិតយើងខ្វះនូវក្ដីអំណរ ពេលនោះយើងនឹងខ្វះនូវការយោគយល់ និងការអធ្យាស្រ័យ។ តើយើងអាចសម្លឹងឃើញភាពគួរឱ្យខឹងស្អប់ ដែលស្ថិតនៅក្នុងខ្លួនមនុស្សដែលយើងស្រឡាញ់បានដោយរបៀបណា? ព្រោះនៅក្នុងក្ដីស្រឡាញ់ វាមានតែមេត្តា អំណត់ បារម្ភខ្វល់ខ្វាយ និងការចង់ផ្ដល់ឱ្យដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ ប៉ុន្តែដោយកំហឹងរបស់យើង ការចង់ឈ្នះចាញ់ ការហួងហែង ការខ្វះនូវការយោគយល់ យើងនឹងបញ្ចេញមកតាមរយៈកាយ វាចា ចិត្តរបស់យើង។ រាល់អ្វីដែលយើងបញ្ចេញតាមរយៈទ្វារទាំងបីនេះ វានឹងជះឥទ្ធិពលអាក្រក់ទៅលើមនុស្សដែលយើងស្រឡាញ់។ ហើយតើឱ្យពួកគេទទួលយកវាបានដោយរបៀបណា? ដោយការបញញ្ចេញកំហឹងរបស់យើងនេះ ក្រៅតែមិនអាចធ្វើឱ្យក្ដីស្រឡាញ់ចម្រើនលូតលាស់ទៅមុខ យើងថែមទាំងបានបំផ្លាញក្ដីស្រឡាញ់ដែលសេសសល់នោះថែមទៀត”។
សេចក្ដីស្រឡាញ់ វាមិនមែនគ្រាន់តែត្រូវផ្ដល់ឱ្យគ្នានៅភាពរីករាយ និងសុភមង្គលរហូតនោះទេ ប៉ុន្តែគឺវាមានពាក្យថា “រួមសុខរួមទុក្ខ” ដែលបង្កប់នៅក្នុងនោះដែរ។ យើងអាចចែករំលែកចំពោះគ្នា ដោយពេញចិត្តចំពោះសេចក្ដីទុក្ខរបស់យើង ហើយប្រឈមមុខដោះស្រាយដោយសេចក្ដីអត់ធ្មត់ជាមួយគ្នា។ គ្រាសប្បាយ យើងសប្បាយជាមួយគ្នា ហើយគ្រាមានទុក្ខលំបាក យើងក៏ពេញចិត្តដើម្បីឆ្លងកាត់ការលំបាកជាមួយគ្នា។ នេះឯងជាការលះបង់នៅក្នុងក្ដីស្រឡាញ់! គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សពីរនាក់អាចធ្វើឱ្យក្ដីស្រឡាញ់លូតលាស់ទៅបានទេ តែគឺមនុស្សពីរនាក់ដែលហ៊ានឈរនៅក្នុងចំណោមមនុស្សជាច្រើននាក់ ស្ម័គ្រចិត្តកាន់ដៃគ្នាដើម្បីតស៊ូទៅមុខជាមួយគ្នា។

Comments