ជីវិតពិតជាខ្លីណាស់ដែលត្រូវភ្ញាក់ឡើងនៅព្រឹកថ្មី ហើយសោកស្ដាយរឿងកាលពីម្សិលមិញទាំងដែលដឹងថាវាកន្លងផុតទៅហើយ។ ដំណើរជីវិត ដូចជាការអានសៀវភៅមួយក្បាលអ៊ីចឹង យើងមិនអាចពេញចិត្តគ្រប់ទំព័រ នៃសៀវភៅរបស់ជីវិតនោះទេ ប៉ុន្តែយើងអាចបើកចូលអាននៅទំព័រថ្មីបន្ទាប់ ប្រសិនបើយើងនៅតែចង់ដឹងអត្ថន័យក្នុងទំព័រផ្សេងទៀត។
រឿងជាច្រើនដែលយើងបានធ្វើនៅក្នុងជីវិត វាមិនមែនសុទ្ធតែជារឿងដែលមានប្រយោជន៍ទេ។ មានរឿងខ្លះល្អ រឿងខ្លះមិនល្អ រឿងខ្លះឈឺចាប់ រឿងខ្លះរីករាយ រឿងខ្លះឆាប់ភ្លេច រឿងខ្លះក៏ចាំបានយូរ។ រឿងដែលបានកើតឡើង វាគួរឲ្យសោកស្ដាយ វាជាកំហុស វាជាអ្វីដែលយើងមិនចង់ឲ្យកើតឡើងទេ ប៉ុន្តែបើវាកើតឡើងរួចទៅហើយ ទោះជាយើងសោកស្ដាយក៏កែប្រែវាមិនបានដែរ។
កំហុសមួយថ្ងៃរបស់យើង មិនអាចធ្វើឲ្យថ្ងៃទាំងអស់នៅក្នុងជីវិត ក្លាយជាថ្ងៃអាក្រក់នោះទេ ព្រោះមានពេលខ្លះ យើងក៏បានញញឹមជាមួយរឿងថ្មីៗជាច្រើនទៀតដែរទេតើ!! អ្វីគ្រប់យ៉ាង កើតឡើងជាមួយហេតុផលរបស់វាជានិច្ច៕
“កុំសោកស្ដាយបើវាកន្លងហួសទៅហើយ គិតថាថ្ងៃនេះត្រូវធ្វើអ្វីខ្លះ ដើម្បីបន្សល់ស្នាមញញឹមនៅថ្ងៃបន្ទាប់ទៀត”

