អ្នកខ្លះកំពុងញញឹម ប៉ុន្តែពួកគេគ្រាន់តែញញឹមដើម្បីទប់ទឹកភ្នែកកុំឲ្យស្រក់។ ផ្ទៃមុខរបស់ពួកគេញញឹម ប៉ុន្តែចិត្តរបស់ពួកគេកំពុងយំយ៉ាងខ្លាំង។ នៅពេលនោះឯងដែលយើងនឹងប្រាប់ខ្លួនឯងថា គ្រប់យ៉ាងវានឹងមិនអីទេ។ នេះជាមេរៀន នេះជាវិថីដ៏លំបាកដែលត្រូវឆ្លងកាត់។ យើងអាចបាត់បង់គ្រប់យ៉ាងក្នុងមួយពព្រិចភ្នែក ប៉ុន្តែសូមកុំឱ្យតែក្ដីសង្ឃឹមរបស់យើងត្រូវរលត់បាត់ទៅជាមួយ ព្រោះក្ដីសង្ឃឹមនេះឯងដែលនឹងផ្ដល់អ្វីម្យ៉ាងមកឱ្យយើងនៅថ្ងៃណាមួយខាងមុខ។
យើងមើលមិនឃើញទេ ថាបញ្ហាដែលកើតឡើងនៅពេលនេះវាជារឿងល្អសម្រាប់យើងទៅថ្ងៃក្រោយ ឬក្នុងពេលបន្ដិចទៀតនេះ ប៉ុន្តែដោយឆ្លងកាត់ពេលវេលា ការអត់ធ្មត់ ការប្រឹងប្រែងក្រោកឈរ ហើយបន្តបោះជំហានទៅមុខបន្ដិចទៀត ទីបំផុតយើងច្បាស់ជាដឹងថា បញ្ហាគឺជាការសាកល្បងមួយ។ បញ្ហាតែងតែកើតមានឡើងដើម្បីពិសោធមើលភាពរឹងមាំរបស់យើង ហើយមួយទៀតវាក៏កើតឡើងដើម្បីបង្កើនភាពរឹងមាំរបស់យើងបន្ថែមដូចគ្នា។
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែឆ្លងកាត់រឿងរ៉ាវដូចយើងនៅ ពេលនេះទេ ដូច្នេះពួកគេមិនអាចយល់ទេ។ អ្នកខ្លះត្រឹមតែស្ដាប់យើងនិយាយ គេឮ ហើយគេងក់ក្បាលតាម គេធ្វើមុខស្រងូតស្រងាត់ពេលដែលស្ដាប់រឿងលំបាករបស់យើង ប៉ុន្តែគេពាល់មិនត្រូវពីការឈឺចាប់របស់យើងទេ ដរាបណារូបគេផ្ទាល់មិនបានឆ្លងកាត់វាដោយខ្លួនឯង។
នៅពេលខ្លះដែលយើងចួបបញ្ហាផ្ទួនៗគ្នាក្នុងពេលដ៏ខ្លី យើងស្ទើរតែរកហេតុផលដើម្បីបន្តរស់នៅលើផែនដីនេះរង់ចាំថ្ងៃរះក្នុងថ្ងៃថ្មីសឹងតែមិនបានផង។ យើងគេងមិនលក់ជាប់ៗគ្នា យើងមិនឃ្លានបាយ មិនស្រេកទឹក ហើយចេះតែចង់សំងំនៅតែក្នុងផ្ទះមិនចង់ចេញទៅណា យើងគិតរហូតដល់យល់សប្ដិពេញមួយយប់ ហើយព្រឹកឡើងយើងអស់កម្លាំងសឹងតែបើកភ្នែកមើលពិភពលោកនេះមិនរួច។
ប៉ុន្តែចួនកាល នៅពេលដែលយើងស្ទើរតែរកហេតុផលរស់នៅតទៅទៀតមិនបាន យើងក៏រកហេតុផលដែលមានឥទ្ធិពលអាចបណ្ដេញយើងឲ្យចាកចេញឆ្ងាយពីពិភពលោកនេះមិនបានដូចគ្នា ហើយគឺនៅពេលនោះឯង ដែលយើងចាប់ផ្ដើមបើកបង្អួចសម្លឹងមើលទៅថ្ងៃរះ សម្លឹងមើលសត្វហើរ សម្លឹងមើលពពករសាត់ ផ្ទៃមេឃស្រឡះ សម្លឹងមើលទៅមនុស្សគ្រប់គ្នាដែលរវល់លើបញ្ហាជីវិតរៀងៗខ្លួន។ ពួកគេអាចនឹងមានបញ្ហាដូចយើង ឬក៏ធ្ងន់ធ្ងរជាងយើងផងក៏មិនដឹង ប៉ុន្តែគ្មាននរណាម្នាក់នៅទីនេះដើម្បីប្រាប់ពួកគេថា ប្រឹងទៅ បន្ដិចទៀតគ្រប់យ៉ាងនឹងល្អហើយគឺគ្មានទេ។

