#ភ្លេចខ្លួនតែបន្តិច...!

S
samrith
យើងរស់នៅជាមួយកង្វល់ដែលយើងបានបង្កើតឡើងដោយខ្លួនឯងនៅក្នុងអតីតកាល ហើយយើងភ្លេចពីអ្វីដែលខ្លួនត្រូវបង្កើតឡើងនៅថ្ងៃនេះ ដើម្បីទទួលយកលទ្ធផលដែលនឹងកើតឡើងនៅថ្ងៃបន្ទាប់។ ភាគច្រើនយើងធ្វើខ្លួនជាមនុស្សដែលមើលទៅគួរឱ្យអាណិត ហើយប្រៀបដូចជាជនរងគ្រោះម្នាក់ដែលកំពុងតែត្រដរខ្យល់រង់ចាំការជួយសង្គ្រោះ ប៉ុន្តែនៅទីបំផុត ពេលវេលាបានទំពាស៊ីជីវិតរបស់យើង ហើយក៏រុញច្រានយើងស្ទើរតែទៅដល់មាត់ជ្រោះនៃសេចក្ដីមរណាទៅហើយ ក៏នៅតែមិនឃើញមាននរណាម្នាក់ចេញមុខមកជួយសង្គ្រោះយើងឡើយ? ហេតុអី? ព្រោះជីវិតនេះមើលទៅវាគួរឱ្យអស់សំណើចបន្ដិចត្រង់ថា ពេលយើងត្រូវការជំនួយ គ្មាននរណាគេចង់ជួយយើងទេ ប៉ុន្តែនៅពេលយើងគ្មានអ្វីដែលត្រូវឱ្យគេជួយ ក៏មានអ្នកមកសួរថា “តើមានអ្វីដែលគេអាចជួយបានទេ?” ? ជីវិតពេលខ្លះមើលទៅគឺវាឃោរឃៅបែបនេះឯង។ បើយើងមិនប្រឹងជួយខ្លួនឯងជាមុនទេ ក៏គ្មាននរណាចង់ជួយយើងនោះដែរ។
អ៊ីចឹងហើយ! ចូរប្រើជីវិតដែលនៅសេសសល់នេះឱ្យបានល្អទៅ។ ប្រឹងឱ្យអស់លទ្ធភាពជាមុនសិនទៅ មុននឹងយើងស្រែកសុំជំនួយពីអ្នកដទៃ។ រៀនស្រឡាញ់ខ្លួនឯងជាមុនសិន ទើបអ្នកដទៃចាប់ផ្ដើមស្រឡាញ់យើង។ ផ្ដល់តម្លៃឱ្យខ្លួនឯងជាមុនសិន ទើបអ្នកដទៃមើលឃើញពីតម្លៃរបស់យើង ហើយផ្ដល់តម្លៃបន្ថែមមកឱ្យយើង។ ការធ្វើបែបនេះមិនមែនអាត្មានិយមទេ ប៉ុន្តែគឺការបណ្ដុះ និងការហាត់ពត់។ កុំបាច់រំពឹងថាពេលយើងត្រូវការជំនួយ នឹងមាននរណាម្នាក់មកជួយយើង ប៉ុន្តែសូមបន្តប្រឹងប្រែង ហើយចូរជឿថាថ្ងៃណាមួយបើមាននរណាម្នាក់ត្រូវការជំនួយ យើងប្រាកដជានឹងមានលទ្ធភាពដើម្បីជួយគេបាន។
កុំបណ្ដោយឱ្យពេលវេលាដ៏តិចតួចដែលនៅសេសសល់នេះ ក្លាយជាពេលវេលា ដែលយើងត្រូវសំងំធ្វើខ្លួនជាជនរងគ្រោះ រង់ចាំឱ្យអ្នកដទៃមកអាណិត តែចូរប្រឹងប្រែងតស៊ូឡើង ព្រោះថានៅមានមនុស្សច្រើនណាស់ដែលគួរឱ្យអាណិត ហើយពួកគេកំពុងរង់ចាំជំនួយ។ បើយើងមិនប្រឹងជួយខ្លួនឯងពីឥឡូវនេះទេ ក្រៅតែពីជួយខ្លួនឯងមិនបានហើយ យើងក៏នឹងត្រូវក្លាយទៅជាបន្ទុកដ៏ធ្ងន់ធ្ងររបស់សង្គមជាតិទៅថ្ងៃក្រោយថែមទៀត។

Comments