#សុំពេលសម្រាក

S
samrith
ជីវិតមនុស្សម្នាក់ បើខំប្រឹងគ្មានពេលឈប់សម្រាកដើម្បីជីវិតផ្សេងទៀតជាច្រើន វាពិតជាហត់ខ្លាំងបន្ដិចហើយ តែវាហាក់ដូចជាគ្មានជម្រើសណាផ្សេងល្អប្រសើរជាងការអត់ធ្មត់ តស៊ូឡើយ។ ដ្បិតថាការតស៊ូទាំងឡាយវាមិនមែនសុទ្ធតែបានសម្រេចផលល្អប្រសើរនៅទីបំផុត តែវាក៏នៅតែប្រសើរជាងការដែលត្រូវរស់នៅបណ្ដោយតាមយថាកម្ម សុខចិត្តលំបាកតាំងពីដើមទី រហូតដល់ទីបំផុត ដោយអវត្តវមាននៃភាពមានះប្រឹងប្រែង ជម្នះ តស៊ូដើម្បីឆ្លងកាត់ដែរ។ 

នៅពេលខ្លះទឹកភ្នែករបស់អ្នកកំពុងហូរ ប៉ុន្តែទឹកមុខរបស់អ្នកនៅតែបង្ហាញស្នាមញញឹម។ អ្នកញញឹម ព្រោះអ្នកដឹងថាសំឡេងស្រែកទ្រហោយំរបស់អ្នក ជាមួយនឹងទឹកមុខដ៏សោះកក្រោះនោះមិនអាចជួយអ្វីអ្នកបានទេ ប៉ុន្តែទឹកភ្នែកដែលហូរមកវាក៏នឹងធ្វើឱ្យអ្នកបានធូរស្បើយ។ ស្មាទាំងសងខាងរបស់អ្នកសម្រាប់ជាបង្អែកនៃអ្នកដទៃ ប៉ុន្តែពេលអ្នកត្រូវការបង្អែក អ្នកមិនអាចផ្អែកស្មាខ្លួនឯងបានទេ ហើយក៏គ្មាននរណាផ្ដល់ស្មាមកឱ្យអ្នកផ្អែកដែរ ដូច្នេះអ្នកក៏យកជញ្ជាំង ឬដើមឈើមកធ្វើជាបង្អែក។ 

ពេលខ្លះ ជីវិតរបស់អ្នកហត់ខ្សោះល្វើយស្ទើរតែទប់មិនជាប់ ហើយម្ដងម្កាលវាស្ទើរតែដួលចុះទាំងជំហរ ប៉ុន្តែអ្នកនៅប្រឹងញញឹម ហើយបោះជំហានដើរទៅមុខ។ អ្នកដើរជាមួយទំនួលខុសត្រូវ និងអម្រែកដ៏ធ្ងន់នៅលើស្មា។ ជីវិតគ្មានភាពល្អឥតខ្ចោះឡើយ វានៅតែមានចន្លោះប្រហោងដែលត្រូវបំពេញ ហើយវាឈឺចាប់កាន់តែខ្លាំងបើវាមានចន្លោះប្រហោងកាន់តែច្រើន ប៉ុន្តែចុងក្រោយអ្នកមិនអាចបោះបង់ចោលជីវិតខ្លួនឯងកណ្ដាលផ្លូវទេ។ ចុងក្រោយអ្នកនៅតែលើកដៃដាក់លើទ្រូង ហើយប្រាប់ខ្លួនឯងថា "គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញនៅពេលបន្ដិចទៀតនេះ!"។

Comments