បើយើងកាន់តែមានអារម្មណ៍ថាកម្សត់ និងគួរឱ្យអាណិត នោះយើងនឹងកាន់តែកម្សត់បែបនេះខ្លាំងឡើងថែមទៀត តែជាក់ស្ដែងគ្មាននរណាមកអាណិតយើងឡើយ។ ចូរបំភ្លេចមនុស្សដែលអ្នកធ្លាប់ធ្វើល្អដាក់ ហើយចងចាំតែសេចក្ដីល្អរបស់អ្នកបានហើយ។
ដឹងទេ? មនុស្សតែងធ្វើឱ្យយើងខកចិត្តម្ដងហើយម្ដងទៀត ជាពិសេស បើយើងកាន់តែរំពឹងអ្វីល្អៗត្រលប់ពីពួកគេកាន់តែច្រើន ឱកាសខកចិត្តក៏មានកាន់តែធំឡើងថែមទៀត។ គ្មានមនុស្សដែលយើងមិនស្គាល់ ឬមិនធ្លាប់បានរំពឹងចិត្តលើគេឯណាដែលមកធ្វើឱ្យយើងខកចិត្ត ឬឈឺចាប់នោះទេ គឺមានតែមនុស្សដែលមានអនុស្សាវរីយដិតដាមជាមួយយើងប៉ុណ្ណោះ ទើបអាចមានឥទ្ធិពលធ្វើឱ្យយើងទទួលអារម្មណ៍បែបនោះបាន។
ពេលយើងដាក់ចំណីឱ្យសត្វបក្សីស៊ី ឬបាចចំណីចូលទៅក្នុងទឹកឱ្យត្រីស៊ី នោះយើងនឹងគ្មានឱកាសទទួលបានការឈឺចាប់ត្រលប់មកវិញពីសត្វបក្សី ឬសត្វត្រីទាំងនោះទេ ដ្បិតអីយើងមិនបានរំពឹងអ្វីត្រលប់មកវិញពីពួកវាទេ។ ប៉ុន្តែមិត្តភក្ដិជិតស្និទ្ធរបស់យើងគឺខុសពីនេះ។ បើយើងជួយគេនៅថ្ងៃនេះ យើងក៏រំពឹងថាថ្ងៃក្រោយទៅ គេនឹងអាចជួយយើងវិញម្ដង ពេលយើងត្រូវការជំនួយពីពួកគេ តែជាក់ស្ដែងមិនអ៊ីចឹងឡើយ។ ចួនកាលនៅពេលដែលយើងកំពុងតែលំបាក និងមានបញ្ហាត្រូវការជំនួយពីពួកគេម្ដង ពេលនោះពួកគេក៏ស្រាប់តែចួបបញ្ហាផ្ទាល់ខ្លួនដែលត្រូវដោះស្រាយដូចគ្នា។

