“នៅមានមេរៀនច្រើនទៀត”

S
samrith
ជីវិតបានបង្រៀនយើងថា យើងមិនអាចគ្រប់គ្រងភាពស្មោះត្រង់របស់នរណាម្នាក់បានឡើយ មិនថាយើងស្មោះត្រង់ចំពោះគេខ្លាំងប៉ុនណាក៏ដោយ ក៏វាមិនមានន័យថាគេនឹងធ្វើល្អ ហើយស្មោះត្រង់ចំពោះយើងវិញដូចដែលយើងតែងតែធ្លាប់បានធ្វើចំពោះគេនោះទេ។ មិនថាយើងបានផ្ដល់តម្លៃដល់នរណាម្នាក់ច្រើនលើសលុបប៉ុនណាក៏ដោយ ក៏វាមិនមានន័យថាគេនឹងផ្ដល់តម្លៃចំពោះយើង ដូចអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកនោះទេ។ 

ចួនកាលមនុស្សដែលយើងស្រឡាញ់ និងទុកចិត្តបំផុត គឺជាមនុស្សដែលបំផ្លាញការទុកចិត្តរបស់យើងច្រើនបំផុតដែរ។ ការដែលយើងមានឱកាសបានស្គាល់រាប់អានជាមួយនរណាម្នាក់ វាគឺដូចជាការសាកល្បងភ្លក្សនូវរសជាតិនៃទំនាក់ទំនងនោះអ៊ីចឹង។ ដូច្នេះគ្រាន់តែរាប់អានគ្នាធម្មតាគឺបានហើយ មិនចាំបាច់ស្រឡាញ់ខ្លាំងពេក ស្មោះត្រង់ពេកឱ្យតម្លៃពេក គោរពពេក ឬក៏ថារំពឹងពីគេខ្លាំងពេកក៏មិនចាំបាច់ដែរ។ ទំនាក់ទំនងកាន់តែជ្រៅ ដំបៅកាន់តែឈឺ ពីព្រោះទំនុកចិត្តដែលយើងបង់ចូលទៅក្នុងទំនាក់ទំនងមួយ បើវារលាយអស់ទៅ វាក៏នឹងធ្វើឱ្យយើងឈឺចាប់ខ្លាំង។ មនុស្សយើងអាចនិយាយបានថា នៅក្នុងទំនាក់ទំនងមួយ វានឹងរីកចម្រើនទៅមុខ ឬក៏ត្រូវធ្លាក់ចុះ គឺនៅលើទំនុកចិត្តនេះឯង។ យើងត្រូវមានភាពស្មោះត្រង់ ប៉ុន្តែមិនមែនល្ងង់។ យើងត្រូវជឿជាក់ប៉ុន្តែមិនមែនជឿងប់។ មនុស្សដែលអាចសម្លាប់យើងបានដោយងាយ គឺមនុស្សដែលយើងជឿទុកចិត្តខ្លាំងជ្រុលហ្នឹងឯង។ 

នៅក្នុងស្ថានភាពដែលយើងលំបាកបំផុត វាគឺជាពេលមួយដ៏ល្អដើម្បីពិសោធឱ្យឃើញថា នរណាដែលពិតជាស្រឡាញ់យើងបំផុត ហើយនរណាដែលគ្រាន់តែត្រូវការយើងដើម្បីគ្រាន់តែទាញយកផលប្រយោជន៍។ ពេលយើងជោគជ័យ មិនខ្វះទេមនុស្សដែលមកស្គាល់យើង ប៉ុន្តែបើសួរថា តើមានមនុស្សប៉ុន្មាននាក់ដែលជួយជ្រោមជ្រែងយើងតាំងពីដំបូងរហូតមក? ចម្លើយគឺមានមិនច្រើនទេ ព្រោះវាអាចរាប់ត្រឹមតែម្រាមដៃក៏គ្រប់ដែរ។  វាមិនសំខាន់ទេថាយើងបានស្គាល់មនុស្សច្រើនប៉ុនណា ប៉ុន្តែវាសំខាន់ថា តើមានមនុស្សប៉ុន្មាននាក់ដែលបានស្គាល់យើងវិញហើយនៅក្នុងការស្គាល់នេះ យើងបានជួយគ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្ត មិនមែនដើម្បីតែការកេងចំណេញលើគ្នា។

Comments