មូលហេតុដែលយើងត្រូវការអប់រំចិត្ត
ប្រយោជន៍ក្នុងបច្ចុប្បន្ន គួរអប់រំចិត្តឲ្យមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតក្នុងករណីយកិច្ចដែលជានាទីរបស់ខ្លួន គឺថាបើនៅក្នុងវ័យដែលត្រូវសិក្សាក៏គួរជ្រើសរើសការសិក្សាជាប្រយោជន៍។ កាលបើឃើញការសិក្សាដែលជាប្រយោជន៍ហើយ ក៏ចូរព្យាយាមចំពោះការសិក្សានោះ ទាល់តែសម្រេចផលតាមបំណង កុំនឿយណាយរួញរាឡើយ។ កាលបើបានទទួលការងារដែលគេប្រគល់ឲ្យ ក៏ចូរតាំងចិត្តព្យាយាមធ្វើការងារនោះឲ្យបានសម្រេច។ គួរអប់រំចិត្ត ឲ្យស្មោះត្រង់ចំពោះខ្លួនឯង ចំពោះអ្នកដទៃ ចំពោះការងារ ដែលជានាទីរបស់ខ្លួន និងមានសតិសម្បជញ្ញៈ អត់ធន់ ក្លៀវក្លា ក្លាហាន រីករាយ ទន់ភ្លន់ មានសច្ចេកតញ្ញូកតវេទី ឈ្លាសវៃដឹងហេតុការណ៍មិនភ្ញាក់ផ្អើលអាចប្រកបករណីយនោះ ឲ្យសមគួរដល់កាលៈទេស និងមានតែសេចក្ដីចំរើន ដែលរកបានមកដោយធម៌ដ៏ប្រពៃ ក៏ចេះរក្សានឹងចាយវាយក្នុងផ្លូវដែលជាប្រយោជន៍


