លក្ខណៈមនុស្សមានពុតត្បុត នឹង មនុស្សច្រណែនឈ្នានីស

sarin12
តាមរយៈការសង្កេតផ្ទាល់ខ្លួនជាច្រើនឆ្នាំចុងក្រោយនេះ មនុស្សអាក្រក់ឬល្អយើងមិនអាចគ្រាន់តែស្គាល់​តាមរយៈពាក្យ​សម្តី ឬការ​ប្រាស្រ័យទាក់ទងគ្នាក្នុងមួយរយៈពេលខ្លីបាននោះទេ។ ពិតណាស់ ខ្ញុំមិនមែន​ជាអ្នកចិត្តសាស្រ្ត ឬក៏ជាអ្នករៀនចិត្តវិទ្យាអីដែរ តែខ្ញុំធ្លាប់បានអាននិងកំពុងអានសៀវភៅ​ប្រភេទនេះ​បានមួយចំនួន រួមផ្សំជាមួយបទពិសោធន៍ដោយផ្ទាល់ ព្រមទាំងការពិនិត្យនិងអង្កេតចំពោះឥរិយាបទ និងប្រតិកម្មរបស់មនុស្សនៅក្នុង​កន្លែងការងារអស់រយៈពេលជិត១៥ឆ្នាំកន្លងមកនេះ។

តាមរយៈការសង្កេតផ្ទាល់ខ្លួន ខ្ញុំសូមឆ្លុះបញ្ចាំងតែមួយជ្រុងតូចប៉ុណ្ណោះ គឺចំពោះមនុស្ស​ដែលមាន​ពុតត្បុត ច្រណែនឈ្នានីសអ្នកដទៃ។ មនុស្សជំពូកនេះ ជា​ពពួកមនុស្ស​រវៀសរវៃ មានភាពបត់បែន​លឿននៅក្នុងបរិបទ​ជាក់លាក់មួយ។​ ពួកគេមានការប្រុងប្រយ័ត្ន​ខ្ពស់​នៅក្នុងទំនាក់​ទំនងសង្គមរបស់គេ ជា​ពិសេសទៅលើការប្រើប្រាស់ ​ពាក្យសម្តី កាយវិការ និង​ការបញ្ចេញប្រតិកម្មផ្សេង​ៗចំពោះមនុស្ស​ជុំវិញ​ខ្លួន។

មនុស្សប្រភេទនេះ ភាគច្រើនជាអ្នកមានទំនាក់ទំនងក្នុងសង្គម​បានល្អប្រសើរ ដោយសារការប្រុង​ប្រយ័ត្នចំពោះការ​ប្រើ​ប្រាស់ពាក្យសម្តី កាយវិការ និងប្រតិកម្មផ្សេងចំពោះអ្នកនៅជុំវិញខ្លួន និយាយឲ្យ​ចំ គឺជាមនុស្សមានពុតត្បុតច្រើននេះហើយ ទើប​គេក្លាយជាមនុស្សមានអ្នកស្គាល់និងប្រាស្រ័យទាក់ទង​ច្រើននៅក្នុងសង្គមការងារ។ដោយសារកត្តាអំណោយផលទាំងនេះហើយ ទើបឲ្យមនុស្សប្រភេទនេះអាចកសាងទំនាក់ទំនង និង​បង្កើតបក្សពួក​បានយ៉ាងងាយស្រួលនៅក្នុងសង្គមការងារ។

ប្រភេទមនុស្សពុតត្បុតនេះ គឺជាមនុស្សពូកែពាក់ស្រោមមុខធ្វើខ្លួនជាមនុស្សចិត្ត​ល្អ ឬក៏ចេះជួយយក​អាសារដល់អ្នកដទៃ ឬក៏ចូលចិត្តសម្តែងធ្វើខ្លួនជាជនរងគ្រោះ ជាទុក្ករបុគ្គល ជាមនុស្សគ្មានអំណាច ឬជា​មនុស្សទន់​ខ្សោយជាដើម។ ពួកគេមានចេតនាព្យាយាមធ្វើជាជនទន់ខ្សោយបែបនេះ ដើម្បីទទួល​បាន​ការអាណិតអាសូរពី​អ្នកដទៃនៅជុំវិញខ្លួនគេ។

ទង្វើទាំងអស់នេះ គឺដើម្បីទទួលបានការអធ្យាស្រ័យពីមនុស្សនៅជុំវិញខ្លួន ឬក៏អ្នកដឹកនាំនៅក្នុងអង្គ​ភាពមួយ មិនថាជាការអធ្យាស្រ័យដោយសារការបង្កើតឲ្យមានកំហុសក្នុងរឿង​ការងារ ឬក៏ការធ្វេស​ប្រហែស​ចំពោះកាតព្វកិច្ចនិងភារកិច្ចរបស់ខ្លួនទ្បើយ ប្រសិនបើទង្វើទាំងនេះធ្លាក់ចំអ្នកផ្សេងៗឯទៀត​នោះ ក៏អ្នកទាំងនោះមិនមានសំណាងទទួលបានការអធ្យាស្រ័យក្នុងស្ថានភាពដូចគ្នានេះដែរ។ជួនកាលអ្នកប្រើឧបាយកលទាំងនោះនិយាយបំផ្លើសថា ខ្លួនគេមានបញ្ហា​សុខភាព ដោយសារកើតមាន​រឿងរ៉ាវក្នុងរង្វង់គ្រួសាររបស់ពួកគេ។ គោលបំណងបង្កើតចេញជាទង្វើទាំងអស់នេះ គឺដើម្បីតែផល​ប្រយោជន៍ដែលកេងចំណេញចេញពី​ការជួយអាណិតអាសូររបស់មនុស្សនៅជុំវិញខ្លួនតែប៉ុណ្ណោះ។

ប្រសិនបើយើងមិនអាចចាប់កន្ទុយមនុស្ស​ប្រភេទនេះបានទាន់ពេលវេលា​នោះទេ ​វាពិតជាមាន​ហានិភ័យដល់អង្គភាពការងារនៅថ្ងៃណាមួយជាមិនខាន។ ហានិភ័យនៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ហានិភ័យក្នុងការបែងចែកបក្សពួក ហានិភ័យនៃការមិនជឿទុកចិត្តគ្នា​។ល។

ការរៀបរាប់ទាំងអស់ខាងលើនេះ គឺជាការតាមដាន អង្កេត និងសិក្សាស្វែងយល់ដោយផ្ទាល់របស់ខ្ញុំតែ​ប៉ុណ្ណោះ វាមិនបានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រួយនោះទ្បើយ។ ប្រសិនបើបងប្អូនចង់ជ្រាបច្បាស់បន្ថែមទៀតនោះ បងប្អូនអាចអានសៀវភៅ (Dark Psychology) ។ 

Comments