អ្នកមិនអាចបង្ខំត្រីឱ្យរត់នៅលើគោកបាននោះទេ!

S
sarou-kh
ឪពុកម្ដាយគ្រប់រូបរមែងចង់ឃើញកូនជាទីស្រឡាញ់របស់ខ្លួនមានការងារល្អធ្វើ ព្រមទាំងទទួលបានប្រាក់ចំណូលច្រើន។ ឪពុកម្ដាយខ្លះបង្ខំកូនឱ្យបន្តមុខតំណែងឬមុខជំនួញរបស់ខ្លួន ដោយមិនបានដឹងថាតើកូនចូលចិត្តនិងចង់ធ្វើការងារនោះដែរឬទេ។ ការបង្ខំកូនបែបនេះ គឺមិនមែនជារឿងល្អសម្រាប់អនាគតរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើឪពុកម្ដាយបើកចិត្តឱ្យទូលាយ ព្រមស្ដាប់បញ្ហា ក៏ដូចជាការបកស្រាយរបស់កូន នោះនឹងធ្វើឱ្យកូនទទួលបានកម្លាំងចិត្ត គ្មានសម្ពាធ ហើយគេក៏អាចធ្វើនូវអ្វីដែលគេបានប៉ងប្រាថ្នាបានយ៉ាងជោគជ័យនិងមានមោទនភាពទៀតផង។
ពេលខ្លះ ឪពុកម្ដាយមិនគួរបិទសិទ្ធិកូនខ្លាំងពេកនោះឡើយ ពីព្រោះថា កាលពីពេលដែលពួកគាត់ស្ថិតនៅក្នុងវ័យជំទង់ ពួកគាត់ក៏មានបំណងប្រាថ្នាផ្ទាល់ខ្លួនដូចជាកូនៗរបស់ពួកគាត់ដែរ ហើយឪពុកម្ដាយខ្លះបានបរាជ័យក្នុងការធ្វើឱ្យបំណងប្រាថ្នារបស់ពួកគាត់ទទួលបានភាពជោគជ័យ ក៏ព្រោះតែមូលហេតុដូចគ្នា គឺបញ្ហាគ្រួសារ ឬបញ្ហាហិរញ្ញវត្ថុ។
ដូច្នេះ បើកូនៗរបស់អ្នកមានឱកាសបានធ្វើនូវការងារដែលពួកគេស្រលាញ់ និងពេញចិត្តចង់ធ្វើហើយ ចូរឪពុកម្ដាយកុំហាមឃាត់អី! ឪពុកម្ដាយគួរតែលើកទឹកចិត្តដើម្បីជំរុញឱ្យកូនរបស់ពួកគេមានកម្លាំងចិត្តក្នុងការធ្វើការដែលខ្លួនស្រលាញ់នោះបន្ត។ ការធ្វើនូវការងារដែលខ្លួនស្រឡាញ់ពេញចិត្ត ព្រមទាំងមានការជំរុញនិងលើកទឹកចិត្តពីឪពុកម្ដាយបន្ថែមទៀត គឺបានធ្វើឱ្យកូនៗគ្មានសម្ពាធ ព្រមទាំងមានកម្លាំងចិត្តក្នុងការធ្វើការងារនោះបន្ត ទោះបីជាការងារនោះលំបាកខ្លាំងយ៉ាងណាក៏ដោយ។
សូមឪពុកម្ដាយគ្រប់រូបចងចាំថា "អ្នកមិនអាចបង្ខំត្រីឱ្យរត់នៅលើគោកបាននោះទេ។"

Comments