នៅពេលដែលយើងយល់ច្បាស់នូវដំណើរនៃធម្មជាតិ តាមគន្លងនៃអរិយសច្ចធម៌ យើងក៏រមែងយល់ច្បាស់នូវដំណើរជីវិតផងដែរ។ ជនដែលមិនយល់ពីដំណើរនៃជីវិតប្រព្រឹត្តទៅតាមធម្មជាតិ គេរមែងមិនអាចទទួលយកនូវអ្វីដែលបានកើតឡើងឡើយ។ ដូចជាសេចក្ដីស្លាប់ ការមានជំងឺ ការព្រាត់ប្រាសសាច់ញាតិ និងវត្ថុជាទីស្រលាញ់ ការជួបនូវសត្វសង្ខារមិនជាទីពេញចិត្ត ការប្រាថ្នានូវអ្វីមិនបានសម្រេច វាសុទ្ធតែជាធម្មតាធម៌។ ដូច្នេះមនុស្សដែលមិនមើលឃើញថាវាជាធម្មតាធម៌ គេរមែងមិនអាចទទួលយកបានឡើយ។ ហើយការដែលមិនព្រមទទួលស្គាល់ភាពពិតដូច្នោះ គឺជាហេតុដែលបណ្ដាលឱ្យពួកគេមានសេចក្ដីទុក្ខផ្លូវចិត្ត។ ជនមួយក្ដាប់ធំ បានត្អូញត្អែក្នុងជីវិតថា ហេតុអ្វីជីវិតរបស់ពួកគេជួបតែទុក្ខ? ហេតុអ្វីពួកគេឈឺមិនចេះជាអ៊ីចឹង? ហេតុអ្វីក្ដីប្រាថ្នារបស់ពួកគេតែងតែត្រូវបានរលាយដូចអំបិលត្រូវទឹកដូច្នោះ? ពួកគេគិតថាពិភពលោកនេះពិតជាអាក្រក់សម្រាប់ពួកគេណាស់។ នេះជាលក្ខណៈនៃមនុស្សដែលមិនយល់អំពីជីវិត។ ចំណែកឯបុគ្គលដែលមើលឃើញពិភពលោកនេះដូចដែលព្រះសម្ពុទ្ធទ្រង់ត្រាស់ថា “យំ កិញ្ចិ សមុទយ ធម្មំ សព្វន្តិនិរោធធម្មន្តិ ធម្មជាតិឯណាមានកើតហើយ ធម្មជាតិនោះរមែងរលត់ទៅវិញជាធម្មតា។ សព្វេ ធម្មា អនិច្ចាតិ ធម្មទាំងឡាយតែងស្ថិតក្នុងសភាពមិនទៀង” ការមើលឃើញធម៌ទាំងឡាយថាជាធម្មតា នោះសេចក្ដីទុក្ខរមែងមិនសូវជាមានឥទ្ធិពលដល់ចិត្តយើងឡើយ។

