ការគាំទ្រលើកទឹកចិត្តគ្នា វាជាសកម្មភាពជួយថែរក្សាគ្នា ខ្មែរយើងសឹងតែលែងចេះប្រើពាក្យលើកទឹកចិត្តគ្នាអស់ទៅហើយ ព្រោះតែម្នាក់ៗរវល់ខ្វល់ពីភាពមានបាននិងកិត្តិយសមុខមាត់ខ្លាំងពេកទៅ ! ។ ពាក្យសម្តីអាចជួយមនុស្សពីការរងទុក្ខឲ្យក្លាយទៅជាការសប្បាយរីករាយក្នុងការរស់នៅ ពីការអស់សង្ឃឹមឲ្យមានសង្ឃឹមឡើងវិញ ធ្វើឲ្យជីវិតមានន័យ ដួងចិត្តមានកម្លាំងពេញលេញឡើងវិញបាន កុំកំណាញ់ការសរសើរគ្នាដោយទឹកចិត្តឲ្យសោះ ! ។ ការថែរក្សាលំនឹងចិត្ត យើងអាចសិក្សាពីធម្មជាតិបាន មើលព្រះអាទិត្យចុះ មានមនុស្សរាប់លាននាក់រោមគ្នាស្តីបន្ទោសឬសរសើរ ក៏ព្រះអាទិត្យមិនដែលនិយាយថា នៅលើផែនដីនេះពួកអ្នកឯងជំពាក់ខ្ញុំច្រើនណាស់ ! ចប់ភារៈកិច្ចខ្លួនក៏លិចចុះទៅតាមដំណើរ ថែមទាំងញញឹមបញ្ចេញសម្រស់នាសាយ័ណ្ណសម័យ ផ្តាំលោកនេះថា យើងនឹងបានជួបគ្នាសារជាថ្មីនៅថ្ងៃស្អែកទៀតដោយគ្មាននឿយណាយឡើយ ! ។

