កុំដល់ពេលបាត់បង់ទើបឱ្យតម្លៃ
មនុស្សលោកយើងនាពេលបច្ចុប្បន្ននេះ ធ្វើអ្វីមួយ ភាគច្រើនគឺមិនគិតដល់អារម្មណ៍ខ្លួនឯងនាពេលអនាគតនោះទេ ច្រើនតែតម្រូវតែអារម្មណ៍បច្ចុប្បន្នមួយប៉ុណ្ណោះ។ រីការរស់នៅជាមួយគ្នាក្តី នៅក្នុងសង្គមជាមួយគ្នាក្តី នៅកន្លែងណាមួយជាមួយគ្នាក្តី ច្រើនតែមើលរំលងតម្លៃរបស់ជនដទៃ ដែលគេធ្លាប់ប្រាស្រ័យជាមួយខ្លួន។
អ្នកខ្លះ សម្តីអាក្រក់ យើងតែងតែស្អប់គេ តែបាត់បង់គេ ទើបយើងដឹងថា គេចិត្តល្អ។
អ្នកខ្លះ និយាយត្រង់ យើងតែងតែគិតថា វាឆ្គងត្រចៀក មិនគួរស្ដាប់ តែបាត់បង់គេ ទើបយើងដឹងថា គេជាមនុស្សស្មោះដែលកម្ររកបាន។
អ្នកខ្លះ មុខគេមិនសូវញញឹម យើងតែងតែគិតថា គេជាមនុស្សគួរអាប់រាសី តែបាត់បង់គេ ទើបយើងដឹងថា គេមានក្តីកង្វល់ច្រើន ព្រោះតែយើង។
អ្នកខ្លះ ញញឹមរីករាយនៅពីមុខយើង យើងតែងតែគិតថា គេជាមនុស្សរួសរាយជ្រុល តែបាត់បង់គេ ទើបយើងដឹងថា គេជាមនុស្សដែលមានទុក្ខតែព្យាយាមឱ្យយើងបានសប្បាយ កុំឱ្យកើតទុក្ខដូចជារូបគេ។
អ្នកខ្លះ ស្មោះត្រង់ជាមួយយើង យើងគិតថា គេល្ងង់ខ្លៅ តែបាត់បង់គេ ទើបដឹងថា ខ្លួនឯកា។
អ្នកខ្លះ ធ្វើការឱ្យយើងឥតស្រាក យើងគិតថា គេធ្វើយកមុខ ព្រោះមានអ្នកមកចាក់រុក តែបាត់បង់គេ ទើបយើងដឹងថា មើលមនុស្សខុស។
អ្នកខ្លះ ស្រឡាញ់យើងដោយភក្តី យើងគិតថា សម័យនេះ គេមិនត្រូវការស្រឡាញ់ទេ គឺត្រូវការលុយកាក់ តែបាត់បង់គេ ជួបមនុស្សបោកប្រាស់ ទើបដឹងថា ខ្លួនយើងសោកស្ដាយមួយជីវិត។ល។
អ្វីៗក៏ដោយក្នុងលោកនេះ បើយើងមិនព្រមឈោងចាប់យកមនុស្សដែលល្អ ដែលស្មោះ ដែលសច្ចៈ មកនៅជាមួយខ្លួនទេ នោះជីវិតនេះនឹងខាតបង់ ព្រោះបាត់បង់ហើយ ទើបឱ្យតម្លៃជាក្រោយ មិនខុសអីពីយកខ្មៅដៃទៅគូរគំនូររូបមនុស្សញញឹម នៅលើផ្ទៃអាកាសនោះទេ គឺវាឥតប្រយោជន៍។
ប្រភព៖ ©️ ត.វ.ស(Sou Dara)

