សេចក្ដីស្រឡាញ់
អស់កាលដ៏យូរមកហេីយ មិត្តទាំងឡាយបាននាំគ្នាដេីរកម្សាន្តនៅលេីកោះមួយ ហេីយម្នាក់ៗសុទ្ធសឹងតែសប្បាយរីករាយណាស់ ខណៈនោះមានការប្រកាសអាសន្នថា៖
-"ខ្យល់ព្យុះនឹងបក់បោកមកលេីកោះហេីយ! សូមប្រញាប់ចាកចេញជាបន្ទាន់!"។
ម្នាក់ៗភ័យស្លន់ស្លោ ហេីយនាំគ្នាស្ទុះទៅរកទូករៀងៗខ្លួន លេីកលែងតែ"សេចក្ដីស្រឡាញ់" មួយចេញ ដែលមិនប្រញាប់នឹងគេទេ ហើយនៅក្រោយគេ ព្រោះគេនៅមានការងារជាច្រេីន ដេីម្បីជួយអ្នកទន់ខ្សោយដូចជា"ជរា" "ពិការ" និង"ក្រីក្រ" ឲ្យឡេីងទូកមុន។
តែទីបំផុត ទូកក៏អស់រលីងគ្មាននៅសល់មួយឡេីយ។
នៅពេលដែល "ភាពចម្រុងចម្រេីន"ជិះទូកកាត់មុខ "សេចក្ដីស្រឡាញ់" បានស្រែកហៅថា៖
-" ឲ្យខ្ញុំសូមទៅផង!"
តែ"ភាពចម្រុងចម្រេីន"ឆ្លេីយថា៖
-" ទេ! ទូកខ្ញុំពេញទៅដោយមាសប្រាក់ទៅហេីយ! វាគ្មានសល់កន្លែងឡេីយ!"។
បន្ទាប់មក"ភាពអាត្មានិយម" បនជិះកាត់មុខ ហេីយ"សេចក្ដីស្រឡាញ់" បានស្រែកសូមដោយសារផង តែ"ភាពអាត្មានិយម" តបវិញថា៖
-" ទេ! ជេីងរបស់ឯងប្រឡាក់សុទ្ធតែភក់! ខ្ញុំខ្លាចប្រឡាក់ទូកខ្ញុំណាស់!"។
ក្រោយមក "ទុក្ខកង្វល់" ក៏បានជិះកាត់ ហេីយ"សេចក្ដីស្រឡាញ់" ក៏ស្រែកឲ្យជួយ
តែ"ទុក្ខកង្វល់" បន្លឺថា៖
-" ខ្ញុំកំពុងព្រួយចិត្តណាស់! ខ្ញុំចង់នៅតែម្នាក់ឯង!"។
ភ្លាមនោះ "ឈ្នានីស"ជិះកាត់មុខ ហេីយ"សេចក្ដីស្រឡាញ់" សូមដោយសារផងតែ"ឈ្នានីស" បញ្ឈឺថា៖
-" អញគុំនឹងឯងយូរហេីយ! អស់ពីឯងទៅ អញយកតំណែងរបស់ឯងហេីយ!"។
បន្តិចទៀតមក "សុភមង្គល" ក៏បានធ្វេីដំណេីរឆ្លងកាត់ ហេីយ"សេចក្ដីស្រឡាញ់" ក៏សូមឲ្យជួយ តែ"សុភមង្គល" កំពុងតែសប្បាយចិត្តណាស់ វាមិនខ្វល់នឹងនរណាទាំងអស់!
រំពេចនោះ មានសំឡេងមួយស្រែកថា៖
-" នែ! "សេចក្ដីស្រឡាញ់" ខ្ញុំមកជួយឯងហេីយ"!។
"សេចក្ដីស្រឡាញ់"មិនស្គាល់អ្នកជួយវាទេ ហេីយវាក៏ស្ទុះលោតឡេីងទូកភ្លាម។
នៅពេលរាល់គ្នាទៅដល់ទីសុវត្ថិភាព "សេចក្ដីស្រឡាញ់"ចុះពីទូក ហេីយជួប"ចំណេះវិជ្ជា ហេីយសួរ"ចំណេះវិជ្ជា" ថា៖
-" តេីឯងដឹងថា នរណាបានជួយខ្ញុំ នៅពេលគេរាល់គ្នា បានរត់ចោលខ្ញុំឬទេ?"។
"ចំណេះវិជ្ជា"ញញឹមយ៉ាងស្រស់ រួចឆ្លេីយថា៖
-" នោះគឺ "ពេលវេលា" ព្រោះ"ពេលវេលា"ដឹងនូវតម្លៃពិតប្រាកដរបស់"សេចក្ដីស្រឡាញ់"និងទំហំអំណាចនៃ"សេចក្ដីស្រឡាញ់" ព្រោះវាមានតែ"សេចក្ដីស្រឡាញ់"ទេ ដែលអាចនាំមកនូវសន្តិភាព សេចក្ដីស្ងប់ស្ងាត់ និងសុភមង្គល។
គតិពិចារណា៖ ពេលវេលានឹងប្រាប់យេីងថា តេីនរណាដែលស្រឡាញ់យេីងពិតប្រាកដ នៅពេលដែលយេីងធ្លាក់ខ្លួននោះ!
តេីលោកអ្នកនៅចាំអ្វីទៀត ម្ដេចក៏មិនធ្វេីឲ្យសេចក្ដីស្រឡាញ់របស់អ្នក ឲ្យកាន់តែល្អផូរផង់ពីមួយថ្ងៃទៅមួយថ្ងៃ?
ប្រែសម្រួលពីអត្ថបទបរទេស
ទុត បូ

