ទឹកចិត្តលោកប៉ា

S
seang
"នេះហើយទឹកចិត្តរបស់លោកប៉ា"
បទ ពាក្យប្រាំពីរ

នេះជាសម្តីដែលលោកប៉ា
នេះជាខ្លឹមសារប្រាប់ដល់កូន
នេះជាប៉ាពិតមិនដែលសូន្យ
នេះហើយព្រោះកូនប៉ាមិនហត់។

នេះមកពីប៉ាមិនបានរៀន
នេះទើបមិនមានបានកូនខ្សត់
នេះហើយជីវិតពិតជូរចត់
នេះហើយដែលអត់មានចំណេះ។

នេះប៉ាមិនហត់មិនរុញរា
នេះប៉ាវេទនាព្រោះមិនចេះ
នេះព្រោះតែល្ងង់គ្មានចំណេះ
នេះព្រោះមិនចេះដោយមិនរៀន។

ប៉ាចង់ឲ្យកូនគេចភាពក្រ
ប៉ាខំត្រដរឲ្យកូនមាន
ដោយប៉ារកប្រាក់ឲ្យកូនរៀន
ចំណេះជាស្ពានឈានដល់ត្រើយ។

ប៉ាមិនចង់ឲ្យកូនលំបាក 
ត្រឹមប៉ាតោកយ៉ាកនេះបានហើយ
ប៉ាមិនឲ្យកូនដូចប៉ាឡើយ
ដូច្នេះកូនអើយខំសិក្សា។

កូនត្រូវតែខំទាំងយប់ថ្ងៃ
ខំឥតសំចៃណាកូនណា
រៀនឲ្យចេះចាំយល់ច្បាស់ការ
មិនយល់ត្រង់ណាកត់ត្រាទុក។

យប់រៀនថ្ងៃរៀនមានចំណេះ
ខំតោងចាប់បេះរៀបដាក់ទុក
កូនយកខួរក្បាលធ្វើជម្រុក
ជាឃ្លាំងស្តុកទុកចំណេះណា។ 

កូនកុំចាប់យកខួរក្បាលនេះ 
ទៅឆ្លងកាត់ជិតរឿងស្នេហា
នាំឲ្យជីវិតទាំងកាយា
ឈឺចាប់ខ្លោចផ្សារណាកូនស្រី។

ស្នេហាក្នុងលោកមិនអស្ចារ្យ
វាមិនហឺហាទេពិសី
កុំទៅចាប់ផ្ដើមសាងធ្វើអ្វី 
មនុស្សក្នុងលោកិយក្ស័យព្រោះវា។

ចូរកូនខំរៀនឲបានខ្ពស់
មានកេរ្តិ៍មានឈ្មោះមានការងារ 
ជួយដល់សង្គមដែលជរា 
ចាំកូនរាល់គ្នាជាអ្នកស្ដា។

Comments