ខ្សែជីវិតរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ អ្នកខ្លះកើតមកជាមួយគ្រួសារដែលមានជីវភាពធូរធារ រស់នៅជួបតែសេចក្ដីសុខមានលុយចាយច្រើនហូរហៀរមិនដែលស្គាល់ឡើយជីវិតដែលក្រខ្សត់លំបាក ចំណែកឯអ្នកខ្លះវិញកើតមកជាមួយគ្រួសារដែលមានជីវភាពក្រីក្រលំបាកវេទនារកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ខំមួយថ្ងៃដើម្បីតែមួយថ្ងៃ។ នេះហើយគឺជីវិតមានគ្រប់រសជាតិ មានទាំងរសជាតិល្វីងជូរ ចត់ និងផ្អែម ពេលខ្លះក៏មានក្ដីសុខ សើចសប្បាយក្អាកក្អាយ ហើយពេលខ្លះទៀតក៏ជួបតែបញ្ហាឥតឈប់ឈរ ដោះស្រាយបញ្ហាមួយ បញ្ហាមួយទៀតក៏រត់មករកទៀត។ រឿងទាំងអស់នេះគឺព្រហ្មលិខិតបានកំណត់មកហើយអ្នកគួរតែរីករាយក្នុងការទទួលយកវា ដោះស្រាយនូវបញ្ហាទាំងឡាយដែលបានចូលមករកអ្នកបន្តិចម្ដងៗ កុំតក់ក្រហល់ព្រោះថាគ្រប់បញ្ហាទាំងអស់ត្រូវតែមាននូវដំណោះស្រាយ គ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ។ ក្នុងការកើតមកជាមនុស្ស គឺមិនងាយស្រួល ហើយក៏មិនពិបាកពេកដែរ គ្រប់យ៉ាងគឺអាស្រ័យទៅលើអ្នក ថាតើអ្នកអាចមានសមត្ថភាពប្រើជីវិតរស់នៅរបស់អ្នកឲ្យល្អដល់កម្រិតណា។ ហើយគ្រប់ពេលវេលាទាំងអស់ដែលអ្នកជួបនូវបញ្ហា ប្រាកដណាស់អ្នកនឹងមានអារម្មណ៍មិនល្អ ច្របូកច្របល់ តានតឹងក្នុងអារម្មណ៍ រហូតដល់ពេលខ្លះអ្នកអាចក្លាយជាអ្នកជំងឺបាក់ទឹកចិត្តថែមទៀតក៏ថាបាន ត្រង់ចំណុចនេះអ្នកគួរតែហាត់រៀនលើកទឹកចិត្តខ្លួនឯង និយាយលួងលោមខ្លួនឯង និងយកក្ដីសុបិន ឬក្ដីស្រមៃរបស់អ្នកមកធ្វើជាកម្លាំងចិត្តក្នុងការហែលឆ្លងគ្រប់ឧបសគ្គដែលកើតឡើងនៅចំពោះមុនអ្នក ឬក៏អ្នកអាចសរសេរអំពីក្ដីស្រមៃរបស់អ្នកនៅលើក្រដាស រួចបិទនៅលើជញ្ជាំងក្នុងបន្ទប់គេងបន្ទប់ទឹក របស់អ្នកឬក៏នៅកន្លែងណាដែលអ្នកងាយស្រួលក្នុងការមើលឃើញវា នៅពេលដែលអ្នកក្រោកឡើង មានអារម្មណ៍ថាហត់ អ្នកនឹងមើលឃើញក្រដាសដែលអ្នកបានសរសេរអំពីក្ដីស្រមៃនៅលើនោះ ពេលនោះហើយអ្នកនិងមានកម្លាំងចិត្តក្នុងការតស៊ូបន្តទៀត៕

