ព្រះស្ដេចកន បានកើតក្នុងឆ្នាំរោង នៅស្រុកស្រីសន្ធរ (ខេត្តកំពង់ចាម បច្ចុប្បន្ន)។ ស្តេចកន មានកំណើតក្នុងត្រកូលអ្នកងារដែលជាវណ្ណៈទាបបំផុតនៃសម័យនោះ ហើយមិនជាប់ពូជពង្សក្នុងត្រកូលរាជវង្សទេ។ គ្រួសាររបស់ស្តេចកន ឋិតក្នុងក្រុមពលព្រះស្រីរតនត្រ័យ គឺជាក្រុមអ្នកងារ មានភារៈជាអ្នកថែរក្សាបោសសម្អាតវត្ត។ បិតារបស់ស្តេចកន នាមពិជ័យនាគ និងមាតានាម នាងបាន និងមានបងស្រីម្នាក់នាម នាងស ដែលមានរូបឆោមបវរល្អលើសស្រីទាំងពួង។
.មូលហេតុដែលស្តេចកនអាចចូលក្នុងព្រះរាជវាំងបាន
ក្រោយពីពិធីអភិសេកឱ្យឡើងគ្រងរាជ្យជំនួសព្រះបិតានាឆ្នាំ១៥០៤ ព្រះបាទស្រីសុគន្ធបទ បានសម្រេចព្រះទ័យលើករាជធានី ទៅតាំងនៅទួលបាសាន ហើយលើកព្រះអនុជ ពញាចន្ទរាជា ជាមហាឧបរាជឱ្យគង់នៅការពារក្រុងចតុមុខ។ ដោយសារតែមានរូបឆោមល្អដាច់គេនេះហើយ ទើបធ្វើឱ្យព្រះបាទស្រីសុគន្ធបទ សព្វព្រះរាជហឫទ័យយ៉ាងខ្លាំង ហើយទទួលយកនាងស ធ្វើជាស្នំឯក និងនាំយកនាងទៅរស់នៅក្នុងព្រះបរមរាជវាំង។
បើតាមលោក អាដេម៉ារ ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំង ប្រចាំកម្ពុជាសរសេរថា ដោយសព្វព្រះរាជហឫទ័យនឹងនាងស នេះខ្លាំង ព្រះបាទស្រីសុគន្ធបទ ក៏យកចិត្តទុកដាក់ចំពោះគ្រួសារនាងស នេះជាពិសេស។ ព្រះអង្គបានលើកតម្កើងឪពុកនាងឱ្យទៅជាមន្ត្រី។ ម្តាយនាងឱ្យទៅជានាគម៉ែបាន។ស្តេចកន ជាប្អូនប្រុស ឱ្យទៅជាមហាតលិក រួចជាឧកញ៉ាម៉ឺនស្នេហាចមចិត្ត។ រីឯនាងស ខ្លួនឯង ជាអ្នកម្នាងកេសបុប្ផា។ តាមខ្សែរយៈបងស្រីដែលជាស្នំឯករបស់ស្ដេចផែនដីនេះហើយ ដែលស្តេចកន បានចូលបម្រើការនៅឯក្នុងព្រះរាជវាំង ហើយបានក្លាយជាមន្ត្រីជំនិតរបស់ព្រះរាជា។
លោក ឡឺក្លែរ បានសរសេរបន្ថែមថា ព្រះបាទសុគន្ធបទ ក៏មានព្រះទ័យចង់លោះស្នំឯក និងនាយកន ឱ្យរួចចាកពីឋានៈពលព្រះទៀតផង។ ក៏ប៉ុន្តែនៅពេលដែលព្រះអង្គពិគ្រោះយោបល់ជាមួយសេនាមន្ត្រី មន្ត្រីទូលតបវិញថា ច្បាប់មិនអនុញ្ញាតឱ្យព្រះអង្គធ្វើបែបនេះបានឡើយ ត្បិតបើមានកំណើតជាពលព្រះហើយ គឺជាប់ក្នុងឋានៈនេះរយៈពេល៥ពាន់ឆ្នាំ។ ទោះជាស្ដេចផែនដី ក៏មិនអាចបំពានច្បាប់នេះបានឡើយ។ ដោយមិនអាចប្រគល់តំណែងធំដុំណាមួយឱ្យស្តេចកនបាន ព្រះបាទសុគន្ធបទ បានត្រឹមលើកប្អូនថ្លៃអោយមានងារត្រឹមឃុនហ្លួងព្រះស្ដេចកន។ នេះជាតំណែងមួយដែលមានសិទ្ធិអំណាចត្រួតត្រាអ្នកងារក្នុងក្រុមពលព្រះដូចគ្នា តែក៏មានអំណាចអាចកាត់ទោស និងផ្ដន្ទាទោសជនណាដែលមាក់ងាយព្រះពុទ្ធសាសនា មិនគោរពអាចារ្យ និងចាស់ព្រឹទ្ធាចារ្យ ជាដើម.សិត ប៊ុនថេង ។

